(ភ្នំពេញ)៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសំណូមពរដល់បងប្អូនកីឡាករទូកង ទាំងអស់ ត្រូវខិតខំថែរទាំសុខភាពឱ្យបានល្អ ដោយប្រុងប្រយ័ត្នចំពោះចំណីអាហារ ទាំងឡាយណាដែលមិនគប្បី កុំទទួលទាន ដើម្បីចៀសវាងផលប៉ះពាល់ដល់សុខភាព និងជាពិសេសក្នុងរយៈពេល៣ថ្ងៃនេះ សូមកុំឆ្លៀតពេលទៅរស្រីក្រៅផ្ទះឱ្យសោះ ដែលនាំឱ្យបាក់កំលាំង ។
ទន្ទឹមនឹងនេះ សំរាប់ពេលរាត្រី កុំឈ្លក់នឹងភ្លើងព៌ណ ល្បែងកំសាន្ត ឬល្បែងស៊ីសងផ្សេងៗ រហូតដល់កណ្តាលអាធ្រាត ឬជិតភ្លឺ បានចូលសំរាក គេងមិនគ្រប់គ្រាន់ ស្អែកឡើងពិតជាអ៊ុទូកមិនកើតឡើយ ហើយអាចកើតជម្ងឺខ្យល់គរ បណ្តាលឱ្យប៉ះពាល់ដល់សុខភាព នឹងអាយុជីវិតថែមទៀតផង ។
លោក ហែម ដារិទ្ធ បានលើកឡើងដូចនេះ ក្នុងឱកាសចុះសំណេះសំណាលជាមួយបងប្អូនចំណុះទូកងទាំង២គ្រឿង , ទូកនាគរាជសែនជ័យនិងជម្ពូវ័នសែនជ័យ របស់ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅកន្លែងបោះទីតាំងបណ្តោះអាសន្ត ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក ហែម ដារិទ្ធ មានប្រសាន៍ថា ដើម្បីទទួលបានជ័យជំនះ គឺអាស្រ័យលើកីឡាករ បើកីឡាករបាក់កំលាំង នោះមិនអាចធ្វើឱ្យទូកមានជ័យជំនះបានទេ ដូចនេះ សូមបងប្អូនកីឡារទាំងអស់ ត្រូវអត់ធ្មត់ តបបញ្ហាទាំងឡាយខាងលើនេះឱ្យបាន ដើម្បីនាំទូករបស់យើងឱ្យទទួលបានជោគជ័យ ។
ជាមួយនេះ កីឡាករទាំងអស់ ក៍ត្រូវគោរពឱ្យបានវិន័យជាចំបង ទាំងការស្នាក់នៅ ការហូបចុក និងពេលធ្វើសកម្មភាពប្រណាំង ព្រោះវិន័យនាំមកនូវសេក្តីថ្លៃថ្នូនិងវិន័យក៍នាំមកនូវជ័យជំនះគ្រប់ពេលវេលាផងដែរ ។
ក្នុងនាមគណៈអភិបាលខណ្ឌ លោកមិនចង់ឃើញទូកខណ្ឌពោធិ័សែនជ័យមួយណា ដេញគេពីក្រោយនោះទេ គឺត្រូវតែរត់មុខគេគ្រប់ជើង ពោលគឺទទួលបានជ័យជំនះ ។
ក្រៅពីការផ្គត់ផ្គង់ស្បៀងអាហារសំរាប់ហូបចុកប្រចាំថ្ងៃ ពីសំណាក់ ព្រះចៅអធិការវត្តជម្ពូវ័ន , និងវត្តពូនភ្នំ គណៈអភិបាលខណ្ឌ បានប្រកាសឧបត្តម្ភដល់ទូកទាំង២ ក្នុងទូកនីមួយៗទទួលបាន ទឹកសុទ្ធ ៦៥កេសនិង មី៤០កេស ,ទឹកក្រូច ១៩កេស ,គោជល់ ៣កេស ,បាកាស ៦កេស អង្ករ៦បាវ និងថវិការ ៣៦០០០០០៛ សំរាប់ជារួម និងសំរាប់កីឡាករម្នាក់ៗ ថវិការ ៥ម៉ឺនរៀលផងដែរ ៕