(ទ្វីបអឺរ៉ុប)៖ ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករដែលកំពុងរស់នៅតាមបណ្តាទីក្រុងនានានៃប្រទេសបារាំង, អង់គ្លេស, ស្វីស, ប៊ែល ហ្ស៊ិក, អាល្លឺម៉ង់ និងប្រទេសដ៏ទៃទៀតក្នុងទ្វីបអឺរ៉ុបបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៏លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៩ និងធ្វើការរៀបកម្មវិធីពិសាអំបុកសាមគ្គី អកអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមពិសាអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមការពារជាតិ សាសនា ព្រះមហាក្សត្រ ប្រឆាំងជាមួយផែនការរបស់ក្រុមឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី។
សូមបញ្ជាក់ថា នេះគឺជាការជួបជុំគ្នាជាថ្មីម្ដងទៀតបន្ទាប់ពីការជួបជុំគ្នារបស់បងប្អូនប្រជាពលរដ្ឋខ្មែរ នាពេលកន្លងទៅនៅក្នុងទ្វីបអឺរ៉ុបដើម្បីពិសានំបញ្ចុក សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន។
ក្នុងឱកាសនៃការជួបជុំពិសាអំបុកដ៏សប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប បងប្អូនប្រជាពលរដ្ឋទាំងអស់បានធ្វើការប្ដេជ្ញា ដាច់ខាតប្រឆាំងនឹងក្រុមឧទ្ទាម សម រង្ស៊ី និងគូកន ដែលបានប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយម នៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ ដែលនេះជាទង្វើដ៏អាក្រក់ និងបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខសុវត្ថិភាព សេចក្ដីសុខសាន្ដ និងប្រយោជន៍របស់ជាតិទាំងមូល។
បងប្អូនខ្មែរនៅក្រៅប្រទេស ទាំងអស់បានបន្ថែមថា ទណ្ឌិត សម រង្ស៊ី និងគូកន មិនធ្លាប់បានផ្ដល់ប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិឡើយ ផ្ទុយទៅវិញ គឺមានតែការញុះញង់ បំផ្លាញប្រយោជន៍ បំបែកបំបាក់សាមគ្គីជាតិ និងការបង្កចលាចល និងភាពអសន្តិសុខនៅក្នុងសង្គមគ្រប់ពេលវេលា។
បន្ទាប់មកបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងទ្វីបអឺរ៉ុប បានលើកសរសើរមិនដាចពីមាត់ ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងភ្លឺស្វាងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសកម្ពុជាឆ្ពោះទៅសម្រេចបានការអភិវឌ្ឍលើគ្រប់វិស័យ និងរីកចម្រើន ថ្កុំថ្កើង សម្បូរសប្បាយជាលំដាប់។
ចុងបញ្ចប់បងប្អូនប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបក៏បានអំពាវនាវដល់កងកម្លាំងមានសមត្ថកិច្ច សូមចាត់វិធានការផ្លូវច្បាប់ឲ្យតឹងរ៉ឹងបំផុតចំពោះទង្វើក្បត់ជាតិរបស់សមរង្ស៊ី និងគូកន។