(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ គឺជាថ្ងៃដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃការអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៦ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជាជនទូទាំងប្រទេស បានចងចាំនិងដឹងគុណបំផុត ចំពោះ គុណូបក្ការៈ របស់បុព្វបុរសខ្មែរដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជា ក្រោមព្រះរាជបូណីយកិច្ច ដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានដឹកនាំសកម្មភាព ទាមទារឯករាជ្យដ៏ពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំង នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ជូនដល់ប្រជារាស្រ្ត និងមាតុភូមិកម្ពុជា។
ថ្ងៃនេះផងដែរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីដុតទៀនជ័យ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធបុព្វបុរសខ្មែរគ្រប់រូប ដែលបានធ្វើពលិកម្ម ដើម្បីបុព្វហេតុឯករាជ្យជាតិកម្ពុជា នាវិមានឯករាជ្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំមន្រ្តីរាជការ បណ្តាអង្គទូតនានា ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនកុះករ។
ស្ថិតក្រោមបរិយាកាសដ៏អធឹកអធមប្រកបដោយក្តីមោទនៈនាពេលនេះ គេក៏មិនអាចមើលរំលងបានឡើយ ចំពោះការយក ចិត្តទុកដាក់របស់កងកម្លាំងមានសមត្ថកិច្ច ដែលបានរួមគ្នាការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំមន្រ្តីរាជការ បណ្តាអង្គទូតនានា ប្រជាពលរដ្ឋ សិស្សានុសិស្ស ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងកម្មវិធីប្រកបដោយ សុខសុវត្ថិភាពនិងរបៀបរៀបរយតាំងពីមុនពេលចាប់ផ្តើមកម្មវិធី រហូតដល់ចប់និងបន្តឈរជើងតាមគោលដៅទាំងយប់ទាំងថ្ងៃ ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យឯករាជ្យជាតិរហូតចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ព្រមជាមួយគ្នានោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បើទោះបីជាមមាញឹកក្នុងការបំពេញភារកិច្ចយ៉ាងណាក៏ដោយ ក៏បានឆ្លៀតពេលរៀបចំកម្មវិធីទទួលទានអំបុករួមគ្នាតាមការពារ អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅតាមស្ថានភាពជាក់ស្តែង គឺរៀបចំបរិភោគនៅទីបញ្ជាការ និងតាមគោលដៅ ឈរជើង ដើម្បីបង្ហាញជានិមិត្តរូប នៃការកាជឿជាក់លើនយោបាយដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង និងជានិមិត្តរូបនៃការប្តេជ្ញាការពារសន្តិភាព ក្រោមពាក្យស្លោក «អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ»៕