(បាត់ដំបង)៖ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ថៃ ដែលនៅជាប់ច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង បានអញ្ជើញចូលរួមហូបអំបុកជាមួយកងកម្លាំង និងអាជ្ញាធររបស់កម្ពុជា ស្ថិតនៅច្រកទ្វារអន្តរជាតិដូង ដោយមានភាពក្តីរីករាយ និងសហការយ៉ាងល្អ លើការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែននៃប្រទេសទាំង២។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋានគនគរបាលជាតិ ក៏បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កម្លាំងសមត្ថកិច្ចបាន និងកំពុងដាក់ពង្រាយទូទាំងប្រទេសពិសេស នៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដើម្បីត្រៀមចាប់ខ្លួនមេឧទ្ទាម សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ និងអ្នករួមគំនត់ក្បត់ តាមដីការរបស់តុលាការ ខណៈស្ថានភាពតាមក្រវ៉ាត់ព្រំដែននៅវេលាម៉ោង៥ល្ងាចនេះមានសភាពការណ៍យ៉ាងល្អ។
មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បានអះអាងទៀតថា ទន្ទឹមនឹងសមត្ថកិច្ចថៃទាំងប៉ូលិស និងយោធា ក៏បានសហការយ៉ាងល្អជាមួយកម្ពុជា ដើម្បីចាត់វិធានការលើក្រុមដែលប្រើប្រាស់ទឹកដីថៃ មកផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
មន្រ្ដីជាន់ខ្ពស់ដដែលរូបនោះ បានបញ្ជាក់ទៀតថា បន្ទាប់ពីបរាជ័យក្នុងផែនការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមឧទ្ទាម សម រង្ស៉ី នោះ នៅថ្ងៃនេះសមាជិកដែលមានបំណងចូលរួមជាមួយក្រុមឧទ្ទាម បាននាំគ្នាចូលមកសារភាពកំហុសកាន់តែច្រើន។ ដោយឡែកចំពោះក្រុមទេសចរបាតុករ ដែលបាន ធ្វើដំណើរមកចាំទទួលមេដឹកនាំក្រុមឧទ្ទាម នៅតាមព្រំដែនក៏បានវិលត្រឡប់ជាបណ្ដើរៗវិញហើយ៕