(បាត់ដំបង)៖ លោក ងួន រ តនៈ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋពិសារអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្រក្រោមបរិយាកាសសប្បាយរីករាយ។
ការរៀបចំពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ គឺស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
នាឱកាសនេះ លោកអភិបាលខេត្ត បានអំពាវនាវឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋត្រូវរួមគសាមគ្គីគ្នា ជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្ស ព្រោះសន្តិភាព គឺជាគ្រឹះយ៉ាងរឹងមាំ សម្រាប់ប្រទេសជាតិធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
អភិបាលខេត្តបានបន្តថា ៖ពិធីពិសាអំបុកសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃនេះ បានធ្វើឡើងនៅទូទាំងឃុំ-សង្កាត់ របស់ខេត្ត និងតាមមន្ទីរ អង្គភាពរៀងៗខ្លួនដោយរៀបចំជាច្រើនកន្លែងមានប្រជាពលរដ្ឋ និងមន្រ្តីរាជការចូលរួមរាប់ម៉ឺននាក់ ប្រើប្រាស់អំបុកជាច្រើនតោន ចេកជាច្រើនស្និត ដូងជាច្រើនផ្លែ ព្រមទាំងសម្ភារមួយចំនួនទៀត សម្រាប់ការរៀបចំពិធីពិសារអំបុកនេះ។
លោកអភិបាលខេត្តក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តទាំងអស់ចូលរួមពិធីពិសារអំបុកសាមគ្គីជាតិនេះ នៅតាមមូលដ្ឋាននៅទូទាំងខេត្ត ហើយកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអ្វីឱ្យសោះ ព្រោះប្រទេសជាតិមានសុខសន្តិភាព១០០ភាគរយ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធានាការពារសុខសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋមិនឱ្យមានបញ្ហាអ្វីកើតឡើងនោះទេ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕