ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដឹកនាំរៀបចំពិធីពិសាអំបុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ តាមការអំពាវនាវរបស់សម្ដេចតេជោ
09-11-2019 20:32
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញចូលរួមពិធី ពិសាអំបុកសាមគ្គី ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការចូលរួម សំណាក់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងមតិសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា «ថ្ងៃនេះយើងបានហូបអំបុករួមគ្នា តាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងសប្បាយរីករាយ ដើម្បីជំនួសនៃថ្ងៃវិលត្រឡប់ របស់ក្រុមប្រឆាំងក្រៅច្បាប់ ហើយថ្ងៃនេះផងដែរ គឺជាខួបលើកទី៦៦ ដែលកម្ពុជាទទួលបានឯករាជ្យពីបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ សម្ដេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ ដែលកាលនោះ ក៏មានការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំពីបងប្អូនជនជាតិចាមរបស់យើងដែរ សរុបមកវិញជនជាតិចាម ឬសហគមន៍ឥស្លាមនៅកម្ពុជា បាននិងកំពុងតែរួបរួមសាមគ្គីគ្នាជាកម្លាំងដ៏រឹងមាំ ក្នុងការថែរក្សាសន្តិភាព ថែរក្សាបាវចនាជាតិ សាសនា និងព្រះមហាក្សត្រ»។
គួរជម្រាបថា ទិវាពិសារអំបុកនេះ ស្របពេលជាមួយនឹងខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជាដណ្ដើមបានពីបារាំងនៅឆ្នាំ១៩៥៣ និងចំពេលខួបលើកទី៦៦ នៃការបង្កើតកងយោធពលខេមរភូមិន្ទដូចគ្នា ហើយក៏ចំពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះ។
ពិធីពិសាអំបុកសាមគ្គីនេះទៀតសោត ក៏ជាទិវាមួយជំនួសឲ្យដំណឹងដ៏អកុសលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលមានបំណងបង្កចលាចល បង្កអសន្តិសុខ អស្ថេរភាព និងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជាផងដែរ ដែលពិធីនេះសម្ដេចតេជោ ហ៊ុន សែន បានឲ្យឈ្មោះថា អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ៕