(ព្រះវិហារ)៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ដោយឡែកនៅក្រុមហ៊ុន ទ្រី ភាព ស្ថិតនៅចំការកៅស៊ូបឹងទន្លេម្រេច ក្នុងភូមិអូរពោធិ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ នាព្រលប់ថ្ងៃនេះ ក្រោមវត្តមានលោក ហេង សំណាង នាយកគ្រប់គ្រងក្រុមចំការកៅស៊ូក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច តំណាងលោកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាព អ៊ីមផត អិចផត បានរៀបចំ និងដឹកនាំកម្មករ កម្មការិនី និងប្រជាពលរដ្ឋជិត ១០០០នាក់ ចូលរួមហូបអំបុក និងអារហារសាមគ្គីព្រមទាំងរាំលេងកំសាន្តយ៉ាងសប្បាយរីករាយ។
នៅក្នុងឱកាសនោះលោក ហេង សំណាង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព ដែលជានិច្ចជាកាលតែងគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកម្មករយើង។
លោកឲ្យឲ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរ ដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោក ហេង សំណាង បានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។
ជាមួយគ្នានេះ តំណាងឲ្យលោកឧកញ៉ា ទ្រី ភាព លោក ហេង សំណាង ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់បុគ្គលិកកម្មរដែលបានចូលរួម និងអំពាវនាវឲ្យប្រជាពលរដ្ឋ រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយលោកបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនាទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឲ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕