(បាត់ដំបង)៖ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង បានចុះធ្វើវេទិកាសាធារណៈជុំទី២ បន្តដើម្បីក្តាប់សំណូមពរប្រជាពលរដ្ឋយកមកដោះស្រាយជូនពួកគាត់ ពិសេសពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងរៀបចំពិធីអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៦ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០១៩) និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។
ក្នុងពិធីនៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ហែម ថេង ក៏បានលើកឡើងថា ដើម្បីបម្រើសេវាសាធារណៈ និងពង្រឹងសន្តិសុខនៅមូលដ្ឋាន និងឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងនាមក្រុមការងារ ថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំភ្នំសំពៅ លោក និងក្រុមការងារតែងបានចុះមូលដ្ឋានជាប្រចាំ ជាក់ស្តែងថ្ងៃនេះបានបើកវេទិកាសាធារណៈជុំទី២ ដើម្បីយកសំណូមពរទាំងនេះធ្វើការដោះស្រាយ។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា រាល់សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈកន្លងទៅនឹងត្រូវយកមកធ្វើការដោះស្រាយ តាមសំណូមពរបស់ពួកគាត់រួចហើយ និងស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានធ្វើឡើងនៅជុំទី២ ដើម្បីធ្វើការដោះស្រាយបន្ថែមទៀត។
ក្នុងវេទិកានេះ លោកប្រធានក្រុមការងារ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋមកពីបណ្តាភូមិទាំង១០ឡើង មានសំណូមពរមួយចំនួនបន្ថែមទៀត សុំដល់លោកប្រធាន ជួយដោះស្រាយតាមសំណូមពរ របស់គាត់ផងដែរ។ រាល់សំណូមពរទាំងអស់របស់ប្រជាពលរដ្ឋ លោកប្រធានក្រុមការងារ បាននាំយកទៅពិភាក្សា និងដោះស្រាយជាបន្ទាន់ចំពោះសំណូមចាំបាច់ជាមុន និងរឿងផ្សេងៗទៀតទុកដោះស្រាយតាមក្រោយបន្តបន្ទាប់ឲ្យបានចប់ដូចគ្នា។
លោក ហែម ថេង បានធ្វើការបូកសរុបក្នុងវេទិកានេះថា រាល់សំណូមពររបស់ប្រជាពលរដ្ឋទាំងអស់នាពេលនេះ ក្នុងនាមក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានត្រូវយកមកដោះស្រាយជូនគាត់នៅតាមូលដ្ឋានរបស់ពួកគាត់ឲ្យបានទាន់ពេលវេលា ហើយក្រុមការងារយើងធ្វើការទាំងការងារនៅមូលដ្ឋាន និងការងារស្នូលរបស់ខ្លួនយើងដោយមិនអាចខានមួយណាបានឡើយ៕