(ភ្នំពេញ)៖ មន្រ្ដីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានអះអាងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា គិតមកត្រឹមម៉ោង៧៖៣០នាទីយប់ថ្ងៃនេះ ស្ថានភាពសន្ដិសុខនៅប្រទេសកម្ពុជា ពោលទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា ពិសេសនៅតាមខ្សែបន្ទាប់ព្រំដែន គឺមានស្ថានភាពល្អដូចធម្មតា ហើយប្រជាពលរដ្ឋសប្បាយរីករាយក្នុងការទទួលទានអំបុក។
មន្រ្ដីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់ទៀតថា បន្ទាប់ពីបរាជ័យក្នុងផែនការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីសំណាក់ក្រុមឧទ្ទាម សម រង្ស៉ី នោះ នៅថ្ងៃនេះសមាជិកដែលមានបំណងចូលរួមជាមួយក្រុមឧទ្ទាម បាននាំគ្នាចូលមកសារភាពកំហុសកាន់តែច្រើន។ ដោយឡែកចំពោះក្រុមទេសចរបាតុករ ដែលបាន ធ្វើដំណើរមកចាំទទួលមេដឹកនាំក្រុមឧទ្ទាម នៅតាមព្រំដែនក៏បានវិលត្រឡប់ជាបណ្ដើរៗវិញហើយ បន្ទាប់ពីពួកគេអស់ជំនឿក្នុងការរង់ចាំទទួលមេឧទ្ទាម។
មន្រ្ដីជាន់ខ្ពស់រូបនេះបានថ្លែងយ៉ាងដូច្នេះថា «ជារួមសភាពការណ៍រហូតមកដល់រសៀលម៉ោង៧៖៣០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅទូទាំងប្រទេសកម្ពុជា ទាំងក្រុងភ្នំពេញ និងតាមបណ្ដាលខេត្ត គឺស្ថានភាពមានភាពល្អប្រសើរដូចធម្មតា ហើយយើងឃើញប្រជាពលរដ្ឋនាំគ្នា សប្បាយរីករាយជាមួយនឹងការអកអំបុក ការពារជាតិ សាសនា និងព្រះមហាក្សត្រ»។
សូមជម្រាបថា កំលាំងសមត្ថកិច្ចត្រូវបានដាក់ពង្រាយយ៉ាងតឹងរឹងបំផុត នៅតាមរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ពិសេសខេត្តជាប់ព្រំដែនប្រទេសថៃ ដើម្បីទប់ស្កាត់ការវិលត្រឡប់របស់មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៉ី ដែលបានកំណត់ផែនការផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម។ ប៉ុន្ដែបំណងដ៏អាក្រក់នេះ មិនបានសម្រេចបំណងឡើយ៕