(ភ្នំពេញ)៖ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា រួមជាមួយសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំមកពីខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅឧបត្ថម្ភជូនដល់ក្រុមកីឡាករទូក ង របស់ខេត្តកំពង់ធំ ដែលមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ។
ពិធីសំណេះសំណាលនេះ រៀបចំឡើង២ ទីតាំងដាច់ឡែកពីគ្នា មួយនៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ខាងជើងរង្វង់មូលស្ពានជ្រោយចង្វារ និងមួយកន្លែងទៀត នៅក្នុងបរិវេណវិទ្យាល័យ ជា ស៉ីម ជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព្រមទាំងមានការរៀបចំពិធីហូបអំបុកខ្មែរ «ការពារជាតិ សាសនា ព្រះមហាក្សត្រ»ផងដែរ។
ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករទូកង លោក ងួន ញ៉ិល បានលើកឡើងថា ការប្រារព្ធពិធីនេះ រួមទាំងភាពសប្បាយរីករាយនាពេលនេះ កើតឡើង ក៏អាស្រ័យដោយប្រទេសជាតិយើង មានសុខសន្តិភាពពេញបរិបូរណ៍ និងសេដ្ឋកិច្ចសង្គមមានការរីកចម្រើនគួរជាទីមោទនៈ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកបណ្ឌិត ងួន ញ៉ិល បានបន្តថា ថ្មីៗនេះក៏នៅមានក្រុម អមិត្តមួយក្តាប់តូច បាននិងកំពុងបង្កភាពអសកម្មដល់ដំណើរវិវឌ្ឍន៍នៃសេដ្ឋកិច្ចសង្គមរបស់យើង និងសុខ សន្តិភាព ដែលយើងទាំងអស់គ្នាកំពុងមាននាពេលបច្ចុប្បន្ននេះ។
លោក ងួន ញ៉ិល បានសុំឲ្យពុកម៉ែបងប្អូន ពិសេសក្មួយៗ ជាកីឡាករទាំងអស់កុំចាញ់បោករាល់ការឃោសនា អូសទាញទាំងឡាយរបស់ក្រុមអមិត្ត ទាំងនេះឲ្យសោះ តែត្រូវជំនួសមកវិញ នូវការខិតខំប្រឹងប្រែងសហការគ្នា ស្រឡាញ់គ្នា និងថែរក្សាការពារឲ្យបានជាដាច់ខាត នូវសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសម្រាប់ ប្រទេសយើង ខេត្តយើង ស្រុកយើង ឃុំយើង និងភូមិយើង។
ជាមួយគ្នានេះ លោក ងួន ញ៉ិល ក៏បានផ្តាំផ្ញើដល់កីឡាករ ត្រូវពង្រឹងមេត្រីភាព ភាតរភាព និងសាមគ្គីភាពរវាងគ្នានិងគ្នា ដោយប្រកាន់ខ្ជាប់នូវទស្សនៈ «ស្មារតីជាកីឡាករ» និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាដែលកើតមានដោយសន្តិវិធី និងចូលរួមរក្សា និងលើកកម្ពស់អនាម័យ និងបរិស្ថានឲ្យបានល្អដោយមិនត្រូវ បោះចោលសំរាមទៅក្នុងទឹក ឬក្រៅធុង។
សូមជម្រាបថា ក្នុងឆ្នាំ២០១៩នេះ ខេត្តកំពង់ធំ មានទូកចូលរួមសរុប១៣ទូក មានចំណុះទូក ៧៣៤នាក់ កម្លាំងបម្រុងចំនួន១៦៨នាក់។
លោកបណ្ឌិត ងួន ញ៉ិល បានឧបត្ថម្ភគណៈកម្មការទូកងខេត្តកំពង់ធំ នូវថវិកា ចំនួន២០លានរៀល, អង្គរ ចំនួន៥តោន, មី ចំនួន៨០កេស, ទឹកស៉ីអ៉ីវ ចំនួន៨០យូរ, ទឹកត្រី ចំនួន៨០យូរ និងទឹកសុទ្ធ ចំនួន៥០០យូរ។ ដោយឡែកចំពោះទូកពិសេសរបស់លោកផ្ទាល់ ទទួលបានទឹកសុទ្ធ ចំនួន៤០០យូរ, ភេសជ្ជបាកាស ចំនួន៣០កេស, រៀបចំម្ហូបអាហារជូន ចំនួន៥ថ្ងៃ, ឧបត្ថម្ភក្រុមកីឡាករ ចំនួន៩៥ ក្នុងមួយនាក់ទទួលបានថវិកា ១០ម៉ឺនរៀល៕