Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ មន្ត្រីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត នាំគ្នាហូបអំបុកសាមគ្គី អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ

09-11-2019 18:18

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត បាននាំគ្នារៀបចំពិធីហូបអំបុកសាមគ្គី អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ ក្រោមបរិយាកាស ស្និតស្នាល សប្បាយរីករាយ។

ពិធីហូបអំបុកនេះ បានការចូលរួមពីប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតេជោ បានដាក់ចេញនូវចលនាទទួលទានអំបុកការពារជាតិ សាសនា ព្រះ មហាក្សត្រ នៅទូទាំងប្រទេស។

មន្ត្រីសាលាដំបូងខេត្តកំពត អះអាងថា ការរៀបចំពិធីហូបអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការ សាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សុខសន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ ឧបាយកលជនក្បត់ជាតិឡើយ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោលផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ៕