(ភ្នំពេញ)៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នាព្រឹកថ្ងៃនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីអាវុធហត្ថក្រោមឱវាទទាំងអស់ បានអញ្ជើញចូលរួមហូបអំបុកយ៉ាងសប្បាយរីករាយ។ ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងនូវការកើតសរសើរ ដល់នាយ នាយរងអាវុធហត្ថទាំងអស់ ដែលបានខិតខំប្រឹកប្រែង អនុវត្តនូវតួនាទីភារកិច្ចក្នុងរយៈពេលកន្លងទៅ ជាពិសេសរយៈពេលមួយឆ្នាំចុងក្រោយគឺឆ្នាំ២០១៨-២០១៩នេះ លទ្ធផល សមិទ្ធផល និងស្នាដៃនៃការរួមចំណែករបស់អស់លោក បានអនុវត្តដោយជោគជ័យ បានធ្វើឱ្យជោគជ័យ នូវកម្មវិធីនយោបានរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា ជោគជ័យ នៃការធ្វើកំណែតម្រង់ក្នុងកងយោធពលខេមរភូមិន្ទ និងបានរួមចំណែកកសាងនូវសមិទ្ធផលជាច្រើនក្នុងកងរាជអាវុធហត្ថ ទាំងច្បាប់លិខិតបទដ្ឋានគតិយុទ្ធ ក៏ដូចជា សំណង់ហេថារចនាសម្ព័ន្ធ ជាពិសេសគឺកងរាជអាវុធហត្ថមានសាមគ្គីឯកភាពផ្ទៃក្នុង មានវិន័យ អនុត្តត្រឹមត្រូវតាមតួនាទីភារកិច្ច បានដើតួជាស្នូលយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិក៏ដូចជាការកាត់បន្ថយភាពក្រីក្រ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ បានបន្តថា ថ្ងៃនេះជាខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកយោធពលខេមរភូមិន្ទ ជាថ្ងៃដែលយើងទាំងអស់គ្នាមានមោទនៈភាពចំពោះឯករាជ្យជាតិ ដែលបានកើតឡើងក្រោមព្រះរាជ្យកិច្ចដឹកនាំតស៊ូដណ្តើមឯករាជ្យពីអាណានិគមនិយមបារាំង របស់សម្តេច ព្រះករុណា ព្រះបាទ ព្រះបរមរតនកោដ្ឋ ហើយក៏ជាខួបនៃការបង្កើតកងយោធពល ខេមរភូមិន្ទផងដែរ។
ជាមួយនឹងសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ នឹងការពលីកម្ម មនុស្សច្រើនជំនាន់ ច្រើនតំណរដើម្បីសុខសន្តិភាពនេះ មានពួកមជ្ឈដ្ឋានអគតិមួយចំនួនប៉ុនប៉ងបំផ្លាញនូវសុខសន្តិភាព ស្ថេរភាពនយោបាយ នៅថ្ងៃនេះប៉ុន្តែអ្វីៗ ជាឧបាយកលបំផ្លាញត្រូវបានប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើការទប់ស្តាត់ ហើយប្រជាជនកម្ពុជានៅទូទាំងប្រទេស កំពុងទទួលអំណរសាទរខួប លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ជាពិសេសនៅពេលនេះនៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស គឺកំពុងតែរៀបចំពិធីហូបអំបុកដើម្បីសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
នាយឧត្តមសេនីយ៍ បានបន្តទៀតថា កងរាជអាវុធហត្ថគឺមានតួនាទីសំខាន់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ប្រទេសមានសន្តិភាព ប្រជាជនសប្បាយរីករាយ នោះគឺស្នាដៃរបស់យើងទាំងអស់គ្នាបានរួមចំណែក ហើយការហូបអំបុកថ្ងៃនេះគឺការអនុវត្តតាមប្រសាសន៍ ចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជារបស់យើង។ ក្នុងនោះលោកនាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរនូវការខិតខំប្រឹកប្រែង បំពេញភារកិច្ច និងអនុវត្តការងារដោយការទទួលខុសត្រូវ ផ្ទៃក្នុងមានការសាមគ្គីឯកភាព ជំវិញការដឹកនាំរបស់មេបញ្ជាការកងរាជអាវុធហត្ថ និងជូនពរនាយ នាយរងអាវុធហត្ថ រួមទាំងក្រុមគ្រួសារសមប្រកតែនឹងពុទ្ធពរទាំងប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ រួមនឹងការធ្វើដំណើរទៅណាមកណាប្រកបដោយសុខសុវត្ថិភាព៕