(កំពង់ចាម)៖ ថ្ងៃនេះអំបុក ត្រូវបានប្រជាពលរដ្ឋនាំគ្នាបរិភោគនៅទូទាំងប្រទេសយ៉ាងគគ្រឹកគគ្រេង រហូតចាត់ទុកជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយទៀតសម្រាប់ឆ្នាំ២០១៩ បន្ទាប់ពីព្រឹត្តិការណ៍ហូបនំបញ្ចុកកាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ។ ប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម និងក្រុមការងារចុះជួយស្រុកទាំងពីរនេះ សរុបប្រមាណ ១៣០០នាក់ ក៏បាននាំគ្នាចូលរួមហូបអំពុកផងដែរ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានលើកឡើងថា ព្រឹត្តិការណ៍ហូបអំពុកនៅថ្ងៃ គឺជាប្រហារចលនាក្បត់ជាតិរបស់ សម រង្ស៉ី និងបក្ខពួក។
លោក ប៉ាន សូរស័ក្តិ បានថ្លែងថា «ការរៀបចំពិធីពិសាអំបុក គឺជាយុទ្ធនាការពិសេស ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រៀបចំឡើងដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ពីទង្វើទុច្ចរិតដ៏ពិសពុលរបស់ក្រុមក្បត់ជាតិ។ ការជួបជួបជុំហូបអំបុក បានបង្ហាញថា ពលរដ្ឋខ្មែរនៅតែរីករាយ ហើយបំណងបំផ្លាញជាតិរបស់ក្រុម សម រង្ស៉ី ត្រូវបានបរាជ័យ»។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំចាញ់បោកការឃោសនាប្រកបដោយល្បិចកលពិសពុលរបស់ សម រង្ស៉ី និងបក្ខពួក។ ត្រូវរក្សាភាពស្ងប់ស្ងៀម ដើម្បីគេចផុតពីការប្រឈមមុខតាមផ្លូវច្បាប់ ហើយត្រូវរួបរួមកម្លាំងសាមគ្គី ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររបបប្រជាធិបតីសេរីពហុបក្ស ថែរក្សាការពារសុខសន្តិភាព ស្ថេរភាពសង្គម សំដៅបង្កបរិយាកាសដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជាបន្តបន្ទាប់ទៀត៕