Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ហេង សំរិន អញ្ជើញពិសារអំបុកថែជាតិ សាសនា ព្រះមហាក្សត្រ ជាមួយពលរដ្ឋខេត្តត្បូងឃ្មុំ

09-11-2019 17:39

(ត្បូងឃ្មុំ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញទទួលទានអំបុកសាមគ្គី អំបុកថែជាតិ សាសនា ព្រះមហាក្សត្រ ជាមួយប្រជាពលរដ្ឋ នៅភូមិអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ យ៉ាងសប្បាយរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

ការទទួលទានអំបុកនាពេលនេះ គឺអំបុកដ៏ឈ្ងុយឆ្ងាញ់ទើបដាល់ថ្មី ទទួលទានជាមួយចេកទុំ ទឹកដូង និងស្ករផែន ដែលអំបុកនេះ គឺជាស្នាដៃដាល់អំបុកដោយផ្ទាល់ដៃ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោក ព្រមទាំង ប្រជាកសិករ នៅក្នុងភូមិអន្លង់ជ្រៃ។

នៅក្នុងឱកាសរីករាយ ដែលប្រារព្ធធ្វើនៅភូមិកំណើតផ្ទាល់ សម្តេចប្រធានរដ្ឋសភា បាននិពន្ធកំណាព្យខ្លីមួយ និយាយពីអំបុកសាមគ្គីនៃគ្រួសារខ្មែរ ក្នុងការថែរក្សាសុខសន្តិភាព ផ្ញើជូនជនរួមជាតិ កម្សាន្តអារម្មណ៍ ទៀតផង។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ រួមសាមគ្គីគ្នាជាធ្លុងមួយ ក្នុងការការពារសុខសន្តិភាព ដែលកម្ពុជាទទួលបានដោយលំបាកកន្លងមកនោះ។

សម្តេច ហេង សំរិន បានលើកឡើងថា «បងប្អូនជនរួមជាតិទំាងក្នុង និងក្រៅប្រទេស រួមគ្នាជាធ្លុងមួយពង្រឹងសាមគ្គីភាពជាតិ ការពារឱ្យបាននូវសុខសន្តិភាព ដែលយើងខិតខំរកមកដោយលំបាក និងរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ទៀត»

សម្តេចប្រធានរដ្ឋសភា បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់សប្បាយរីករាយ មានសុភមង្គលគ្រប់ក្រុមគ្រួសារ ដោយបានគូសបញ្ជាក់ដូច្នេះ «បងប្អូន កូនក្មួយ ជនរួមជាតិទំាងអស់ មានសុខភាពល្អ សុភមង្គល និងវិបុលភាពក្នុងក្រុមគ្រួសារ និងសប្បាយរីករាយក្នុងឱកាសឈប់សម្រាកបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលជាប្រពៃណីដ៏ថ្លៃថ្លា របស់ជាតិយើង»

ខ្លឹមសារកំណាព្យដែលសម្តេចប្រធានរដ្ឋសភា បាននិពន្ធមានអត្ថន័យ ដូចខាងក្រោម៖

«អំបុកដូងខ្ចីប្រពៃណីខ្មែរ ចេកទុំផងដែរ ខែពេញបូណ៌មី, កត្តិកធ្លាក់ខ្យល់ ជុំញាតិប្រុសស្រី អកអំបុកស្រូវថ្មីសប្បាយអឺងកង។

អំបុកសាមគ្គី អំបុកសាមគា អំបុកការពារ, ប្រជាជាតិខ្មែរ ការពារមហាក្សត្រ រាជាដែនខ្មែរ សន្តិភាព ហូរហែ នគររុងរឿង»៕