(សៀមរាប)៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើងយ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវរ បស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដោយឡែកនៅខេត្តសៀមរាប នាព្រឹកថ្ងៃនេះ លោក អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត, លោក ទៀ សីហា អភិបាលខេត្ត, រួមទាំងអស់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ទីរ/អង្គភាព មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហម សិស្ស ប្រជាការពារ ប្រជាពលរដ្ឋ វិស័យឯកជន រួមទាំងភ្ញៀវជាតិ អន្តរជាតិ ចូលរួមប្រមាណ១,៣០០នាក់។
រដ្ឋបាលខេត្តសៀមរាប បានរៀបពិធីពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយមានពិធីបួងសួងមួយ នៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម ដើមី្បសុំនូវសេចក្តីសុខដល់ប្រជាជាតិកម្ពុជា រួមនិងប្រជាពលរដ្ឋ នៅខេត្តសៀមរាបផ្ទាល់ ផងដែរ។
បន្ទាប់ពីបានធ្វើការបូជាទៀន ធូក និង ថ្វាយផ្កាភ្ញី រួចមក ក្នុងពិធីបួងសួង បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណីទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនា ដោយលោកអាចារ្យបានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីសៀមរាប-អង្គរ តាមជួយថែរក្សានូវថ្នាក់ដឹកនាំប្រទេស និងពលរដ្ឋកម្ពុជា ផងដែរ។
លោក ទៀ សីហា បានបញ្ជាក់ថា ថ្ងៃទី៩ វិច្ឆិកា គឺជាថ្ងៃមួយដែលប្រទេសកម្ពុជា ទទួលបាននូវឯករាជ្យ ពីពួកអាណានិគមបារាំងសេស ក្រោមព្រះរាជបូជនីយកិច្ច របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយស្មាតី ៩ វិច្ឆិកា បានស្ថិតនៅជាប់ ក្នុងក្រអៅបេះដូង ប្រជានុរាស្ត្រខ្មែរយើងគ្រប់រូប។
លោក ទៀ សីហា បានបន្តថា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ នៃការជួបជុំមហាគ្រួសារខ្មែរ ចូលរួមពិធីពិសារអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ដែលប្រជាពលរដ្ឋខ្មែរ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងការរំលឹកគោរពដល់វីរៈភាពនៃបុព្វបុរសខ្មែរ។ ម៉្យាងទៀតនាថ្ងៃទី ៩ វិច្ឆិកានេះ ក៏ជាទិវានៃព្រឹត្តិការណ៍ រួមមហាកម្លាំងសាមគ្គី នៃប្រជាជាតិកម្ពុជា ប្រឆាំងទប់ស្កាត់ដាច់ខាត ចំពោះការរៀបចំ និងអនុវត្តផែនការក្បត់ របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។
លោកបានបន្ថែមទៀតថា ការពិសារ អំបុកស្រូវថ្មីដោយសេរី ពិសារអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយមានការសម្រិតសម្រាំង យ៉ាងពិសេស ដោយមានការដាល់អំបុក ដែលជាទំនៀមទម្លាប់របស់ដូនតាខ្មែរ នៅក្នុងកម្មវិធីនេះទាំងភ្ញៀវជាតិ អន្តរជាតិ អាចចូលរួមដាល់អំបុកជាមួយក្រុមគ្រួសារ និងមិត្ដភ័ក្ត្របានយ៉ាងសប្បាយរីករាយ និងល្បែងកម្សាន្ត របាំបុរាណខ្មែរ ទៀតផង។
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងរយៈពេល៤ថ្ងៃនេះ (៩-១២ វិច្ឆិកា ២០១៩) គឺក្នុងគោលបំណង ដើម្បីលើកស្ទួយវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ក៏ដូចជាការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យចូលមកទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋាននានា ក្នុងខេត្តឱ្យកាន់តែច្រើនកុះករនោះ រដ្ឋបាលខេត្ត នឹងរៀបចំពិធីប្រណាំងទូក «ង» តាមបណ្ដោយដងស្ទឹងសៀមរាប ពីស្ពានថ្មមន្ទីរទេសចរណ៍ចាស់ ដល់ស្ពានថ្មវត្តព្រះរាជបូព៌៕