(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋានគនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា កម្លាំងសមត្ថកិច្ចបាន និងកំពុងដាក់ពង្រាយទូទាំងប្រទេសពិសេស នៅតាមព្រំដែនកម្ពុជា-ថៃយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ដើម្បីត្រៀមចាប់ខ្លួនមេឧទ្ទាម សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ និងអ្នករួមគំនត់ក្បត់តាមដីការរបស់តុលាការ ខណៈស្ថានភាពតាមក្រវ៉ាត់ព្រំដែននៅវេលាម៉ោង៥ល្ងាចនេះមានសភាពការណ៍យ៉ាងល្អ។
មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បានអះអាងទៀតថា ទន្ទឹមនឹងសមត្ថកិច្ចថៃទាំងប៉ូលិស និងយោធា ក៏បានសហការយ៉ាងល្អជាមួយកម្ពុជា ដើម្បីចាត់វិធានការលើក្រុមដែលប្រើប្រាស់ទឹកដីថៃ មកផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។
គិតត្រឹមរសៀលម៉ោង៥៖០០នាទីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថានភាពនៅទូទាំងប្រទេសកម្ពុជា ពិសេស តាមព្រំដែនកម្ពុជា-ថៃ គឺកំពុងដំណើរការបានយ៉ាងល្អ ដូចធម្មតាមិនមានអ្វីប្រែប្រួលទេ ហើយប្រជាពលរដ្ឋសប្បាយរីករាយ នឹងការចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ។
មន្រ្ដីជាន់ខ្ពស់ដដែលរូបនោះ បានបញ្ជាក់ទៀតថា បន្ទាប់ពីបរាជ័យក្នុងផែនការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមឧទ្ទាម សម រង្ស៉ី នោះ នៅថ្ងៃនេះសមាជិកដែលមានបំណងចូលរួមជាមួយក្រុមឧទ្ទាម បាននាំគ្នាចូលមកសារភាពកំហុសកាន់តែច្រើន។ ដោយឡែកចំពោះក្រុមទេសចរបាតុករ ដែលបាន ធ្វើដំណើរមកចាំទទួលមេដឹកនាំក្រុមឧទ្ទាម នៅតាមព្រំដែនក៏បានវិលត្រឡប់ជាបណ្ដើរៗវិញហើយ៕