(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាត់ទុកថា សាររបស់ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលអបអរសាទរដល់ខួបលើកទី៦៦ បុណ្យឯករាជ្យជាតិនៅកម្ពុជា គឺជាការផ្តល់កិត្តិយសឱ្យកម្ពុជា ដែលគោរពឯករាជ្យ និងអធិបតេយ្យភាពគ្នាទៅវិញទៅមក។
សារឆ្លើយតបរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ចំពោះសារអបអរសាទររបស់លោក Michael Pompeo បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជា ចាត់ទុកការរាប់អានពីសហរដ្ឋអាមេរិក និងសាររបស់លោក Pompeo គឺជាការផ្តល់កិត្តិយសឱ្យកម្ពុជា ប្រកបដោយក្តីសង្ឃឹមថ្មី ចំពោះកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានអត្ថន័យកាន់តែធំធេងរវាងកម្ពុជា និងសហរដ្ឋអាមេរិកដែលគោរពឯករាជ្យ និងអធិបតេយ្យភាពគ្នាទៅវិញទៅមក»។
បើតាមលិខិតប្រមុខការទូតកម្ពុជា គឺលោកមានអារម្មណ៍រំភើបចំពោះការជូនពរដ៏កក់ក្តៅរបស់ លោក Michael Pompeo ចំពោះប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួប ៦៦ឆ្នាំនៃឯករាជ្យភាពរបស់កម្ពុជា។ លោកថ្លែងថា ដូចប្រទេសដទៃទៀតនៅលើពិភពលោកដែរ ទិវាបុណ្យឯករាជ្យជាតិ គឺជាទិវាដ៏អស្ចារ្យ និងសំខាន់បំផុត នៃប្រវត្តិសាស្រ្តរបស់ប្រទេសជាតិនោះ។
នៅពេលដែលយើងអបអរចំពោះទិវាជាប្រវត្តិសាស្ត្រនេះ ដោយក្តីរីករាយ យើងឆ្លៀតពេលដើម្បីសាទរភាពជឿនលឿន និងវឌ្ឍនភាពសង្គម ដែលប្រទេសជាតិមួយបង្ហាញនូវសេចក្តីប្រាថ្នា និងការសម្រេចបានរបស់ប្រជាជនខ្លួន។ ការរួបរួម និងការទុកចិត្តគ្នាក្នុងសង្គម ពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយយើងជឿជាក់ថា មិត្តភាព និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ដែលបានជួយយើងក្នុងគ្រាដ៏លំបាក គឺជាភាពសំខាន់បំផុត។ នេះបើតាម លោក ប្រាក់ សុខុន។
ប្រមុខការទូតបានថ្លែងក្នុងសារឆ្លើយតបដដែលនោះទៀតថា «ក្នុងន័យនេះ ខ្ញុំតាំងនាមឲ្យប្រជាជន និងរដ្ឋាភិបាលកម្ពុជាសូមគោរព និងជូនពរប្រកបដោយភាពកក់ក្តៅអស់ពីដួងចិត្ត។ សូមឲ្យសន្តិភាព និងសុភមង្គលកើតមានចំពោះលោក Pompeo និងជាប្រជាជននៃសហរដ្ឋអាមេរិកទាំងអស់»។
សូមបញ្ជាក់ថា Facebook ផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានផ្សព្វផ្សាយនៅព្រឹកនេះ នូវសេចក្តីថ្លែងរបស់ប្រមុខការទូតអាមេរិក ទាំងស្រុងយ៉ាងដូច្នេះថា៖ «តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ខ្ញុំសូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា នៅក្នុងឱកាសខួបលើកទី ៦៦ នៃឯករាជ្យរបស់អ្នក នៅថ្ងៃទី៩ ខែវិច្ឆិកា»។
ដោយមើលឃើញគុណតម្លៃរួមគ្នា របស់ប្រជាជនកម្ពុជា និងប្រជាជនអាមេរិក យើងសង្ឃឹមថា ទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ កិច្ចសន្ទនាដោយសន្តិវិធី ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យ។ យើងអបអរកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅក្នុងការកសាងប្រទេសកម្ពុជា មួយ ដែលមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពដែលកាន់តែប្រសើរឡើង។ សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជា ហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជា នាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ»។
ជាមួយគ្នានេះ ប្រធានាធិបតីនៃប្រទេសមហាអំណាចលើពិភពលោក សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក៏បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិផងដែរ។ បើតាមសារលិខិតលោក ដូណាល់ត្រាំ បានបញ្ជាក់ប្រាប់កម្ពុជាថា «សហរដ្ឋអាមេរិក ស្ថិតនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវ ព្រះរាជណាចក្រ ដែលប្រកបដោយសន្ដិសុខ វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព»។
គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួប៦៦ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា ត្រូវបានប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំ៕