(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា ព្រមជាមួយសហការី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញមកចូលរួមពិធីពិសារអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ រួមមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពី១៥ឃុំ នៃស្រុកកំពង់សៀម សរុបចំនួន១,១០០នាក់។
លោក ប៊ិន ឡាដា អភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីកម្មវត្ថុ នៃការរៀបចំពិធីនារសៀលថ្ងៃនេះ និងជាពិសេសស្ថានភាពជារួម នៃការរៀបចំពិធីនេះ នៅទូទាំង១៥ឃុំ ដោយមានការចូលរួម ពីមហាជនយ៉ាងច្រើនកុះករ ញាំងឲ្យពិធីដែលជាប្រពៃណី និងទំនាមទំលាប់ដ៏ប្រពៃ របស់ជាតិយើងកាន់តែត្រូវបានលើកតម្កើង និងថែរក្សាបានគង់វង្ស ទុកជាមរតកដល់កូនខ្មែរជំនាន់ក្រោយ។
មានមតិនាឱកាសនេះ នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋ សមាជិក សមាជិកាយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តសប្បាយរីករាយ លោករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណ ចំពោះវត្តមានរបស់បងប្អូនប្រជាពលរដ្ឋ នាពេលនេះ។ វត្តមានយ៉ាងសស្រាក់សស្រាំនេះ បានបង្ហាញឲ្យឃើញនូវកម្លាំងសាមគ្គីជាតិជាធ្លុងមួយ យ៉ាងរឹងមាំក្នុងការគាំទ្រ និងការពារសុខសន្តិភាព ស្ថិរភាព និងជា ពិសេសការពារដាច់ខាតរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ការពារសាសនា និងព្រះមហាក្សត្រនៃកម្ពុជា។
ឆ្លៀតយកឱកាសដ៏មហោឡារិកនេះ លោកក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាពញាចក្រី សម្តេចសេនាវិបុលភក្តី ដែលសម្តេចទាំងបួន បានជូនពរបងប្អូនជនរួមជាតិ និងជាពិសេសប្រជាពលរដ្ឋស្រុកកំពង់សៀម ឲ្យទទួលយកនូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ និងសូមចូលរួមសប្បាយរីករាយ ក្នុងពិធីអកអំបុកជាមួយបងប្អូនផង។
ក្នុងពិធីសំណេះសំណាល លោកបានជម្រាបជូនបងប្អូនអំពីដំណើរការវិវឌ្ឍន៍របស់ប្រទេសជាតិជាជំហានៗ ក្រោមការដឹកនាំប្រកបដ៏ភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាល បានដាក់ចេញនូវគោល នយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យប្រទេស ជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញទូទាំងផ្ទៃប្រទេស និងឈានទៅធ្វើការអភិវឌ្ឍជាបណ្តើរៗដោយជោគជ័យ ស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ច កំណើន ប្រជាជន បើទោះបីមានការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុយ៉ាងណាក្តី។
ដោយឡែក វិស័យកសិកម្ម ក្រសួងកំពុងគាំទ្រ និងលើក ទឹកចិត្តដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា ឲ្យចូលរួមវិនិយោគលើការកែច្នៃ ដើម្បីធានានូវនិរន្តរ ភាពនៃការផលិត ស្ថិរភាពទីផ្សារ តម្លៃបន្ថែម គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលតម្រូវគ្រប់ស្ថាប័នយកចិត្តទុកដាក់ អនុវត្តគោលនយោបាយ និងក្របខណ្ឌកំណែទម្រង់ គ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
លោកថា ដូច្នេះ ដើម្បីឈានទៅសម្រេចមហិច្ឆតានេះ លោកប្រធានបានផ្តាំផ្ញើសមាជិក សមាជិកាក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ សូមបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ដើម្បីរក្សាភាពសុខសាន្ត និងសុខដុមនីយកម្មក្នុងសង្គមជាតិយើង ឲ្យបានគង់វង្សតរៀងទៅ។
លោក វេង សាខុន បានបញ្ជាក់ ជូនសមាជិកដែលបានចូលរួម ថាប្រទេសយើងមានច្បាប់ ហើយច្បាប់បានដាក់ទោសទាន់ ដល់ជនណាដែលមិនគោរពច្បាប់តែប៉ុណ្ណោះ។ ដូច្នេះ ក្នុងនាមពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធម្នាក់ ត្រូវតែគោរព និងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ ច្បាស់លាស់ របស់រាជរដ្ឋាភិបាល។
លោកបានថ្លែងអំណរគុណ ជូនចំពោះសហការី និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានរួមចំណែក ក្នុងការរៀបចំធ្វើពិធីដ៏ពៃណីជាប្រវត្តិសាស្រ្ត តាមអនុសាសន៍របស់សម្តេចតេជោ ដ៏យ៉ាងអធិកអធម និងសប្បាយរីករាយនារសៀលថ្ងៃនេះ ហើយលោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងសហការី បានចូលរួមទទួលទានអំបុក ជាអាហារផលិតចេញពីស្រូវថ្មីដើមរដូវ ដែលប្រជាកសិករយើងកំពុងសប្បាយរីករាយ និងមមាញឹកក្នុងការប្រមូលផលនាពេលនេះ៕