(កាណាដា)៖ ពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ត្រូវបានរៀបចំឡើង យ៉ាងគគ្រឹកគគ្រេង នៅទូទាំងប្រទេស នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។
ជាក់ស្តែងនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុង Vancouver ខេត្ត British Columbia ប្រទេសកាណាដា បានប្រារព្ធពិធីពិសារអំបុក សាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងស្មារតីអបអរសាទរ ថ្ងៃបុណ្យឯករាជ្យជាតិ និងរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។
លោក ព្រហ្ម ប៊ែនផល្លី តំណាងប្រជាពលរដ្ឋខ្មែរ នៅទីក្រុង Vancouver បានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។
ជាមួយគ្នានេះ លោក ព្រហ្ម ប៊ែនផល្លី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឲ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕