(រតនគិរី)៖ ក្រៅពីការពង្រឹងការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅតាមមូលដ្ឋាន និងតាមច្រកព្រំដែននោះ កងកម្លាំងនគរបាលទូទាំងខេត្តរតនគិរី នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចូលរួមពិធីពិសាអំបុកការពារជាតិ សាសនា និងព្រះមហាក្សត្រ។
ពិធីដែលបានធ្វើឡើងយ៉ាងសប្បាយរីករាយ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត និងមានការផ្តល់កិត្តិយសដោយលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី។
លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានឲ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតប ចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕