(កំពត)៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្រ្តមណ្ឌលកំពត ជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកំពត នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលរួម ជាអធិបតី អបអរសាទរបុណ្យខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៩ និងពិធីទទួលទានអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក ជាវ តាយ អភិបាលខេត្ត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ស្ថាប័នសាលាដំបូងខេត្ត ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម យុវជន សយសស យុវជនសសយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប ៣.៦៤៨នាក់។
លោកបណ្ឌិត ប៉ែន ស៊ីម៉ន រំលឹកថា ការប្រារព្ធទិវាឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទនេះ គឺដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ដែលជាទិវាប្រវត្តិសាស្ត្រ មានតម្លៃបំផុតនៃមាតុភូមិកម្ពុជាយើង ដែលបានទទួលនូវឯករាជ្យបរិបូណ៌ និងសិទ្ធិសេរីភាពដ៏ពិសិដ្ឋពីអាណានិគមនិយមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្ដុងឧត្ដមរប ស់ ព្រះមហាវីរក្សត្រ ព្រះនរោត្ដម សីហនុ ព្រះវររាជ បិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
លោក ប៉ែន ស៊ីម៉ន បានរំលឹកទៀតថា រយៈពេលកន្លងមកនេះ មាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើង មានការប្រែប្រួលមុខមាត់ថ្មី គួរឲ្យកោតសរសើរ សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលដ៏ឆ្លាតវៃ បាន ដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ និងកិត្យានុភាព ជាតិល្បីរន្ទឺលើឆាកអន្តរជាតិ។
លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមគ្នាសាមគ្គីជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិយើង លើគ្រប់វិស័យ។
ក្នុងពិធីអបអរសាទរ បុណ្យឯករាជ្យជាតិ៩ វិច្ឆិកា នាព្រឹកនេះ រដ្ឋបាលខេត្តកំពត ក៏បានចែកជូនអំបុកដល់ប្រជាពលរដ្ឋ និងពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីឆ្លើយតបតាមការប្រកាស របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា៕