(កំពង់ធំ)៖ ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំចុះជួយមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក រួមជាមួយប្រជាពលរដ្ឋទាំងពីរស្រុកនេះ បានចូលរួមហូបអំបុកជុំគ្នាយ៉ាងសប្បាយរីករាយ ក្រោមស្មារតីការពារជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងនោះក៏មានវត្តមានរបស់លោក ជា បូរ៉ា អនុប្រធានក្រុមការងារបក្សទទួលបន្ទុករួមស្រុកបារាយណ៍ និងលោក ទិត ចន្ថា អនុប្រធានក្រុមការងារបក្សទទួលបន្ទុករួមស្រុកតាំងគោក និងប្រជាពលរដ្ឋក្នុងភូមិនានានៃឃុំបល្ល័ង្ក ស្ថិតក្នុងបរិយាកាសប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរ បានលើកឡើងមតិយ៉ាងដូច្នេះថា ការរៀបចំពិធីអកអំបុកនាពេលនេះ គឺដើម្បីអបអរខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ហើយការទទួលទានអំបុកនេះក៏បង្ហាញឱ្យឃើញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ។
ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ មិនត្រូវចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលមានបំណងបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដេីម្បីធ្វេីរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕