(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ ចុះជួយតាមភូមិទាំង៩ ក្នុងឃុំ ជួបជុំគ្នាហូបអំបុកសន្តិភាពការពារជាតិ សាសនា ព្រះមហាក្សត្រ។
ការរៀបចំទទួលទានអំបុក របស់ប្រជាពលរដ្ឋនៅឃុំពងទឹក ក៏ដូចជា ប្រជាពលរដ្ឋ និងបណ្តាក្រសួង-អង្គភាព និងប្រជាពលរដ្ឋនៅខ្មែរ ដែលរស់នៅក្រៅស្រុក បានបង្ហាញពីការគាំទ្រចំពោះ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងសម្បូរសប្បាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ទៅមុខជាលំដាប់។
លោក ចាន់ បុលបុត្រ បានថ្លែងអំណរគុណដល់ក្រុមការងារ និងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋនៅឃុំពងទឹកទាំងមូល បានស្រុះស្រួលគ្នារៀបចំពិធី សំណេះសំណាលជួបជុំហូបអំបុក សន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រហើយថ្ងៃនេះ ជាប្រវត្តិសាស្ត្រមួយ ដែលប្រជាជាតិខ្មែរយើងរូបរួមគ្នា សាមគ្គីគ្នាបានល្អហូបអំបុករួមគ្នា ក្រោមដំបូល នៃសុខសន្តិភាព ហើយមិនអនុញ្ញាតឱ្យក្រុមជនអគិតិផ្សេងៗ ដូចជា ក្រុមឧទ្ទាមក្រៅច្បាប់ ចលនាប្រឆាំង ឬមានការបំពាក់បំប៉ន ពីបរទេសដែលមានទណ្ឌិត សម រង្ស៊ី ជាក្លោង និងបក្ខពួកដែលចង់ប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួល់រំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ និងមានគោលបំណងផ្តួលរំលំរបបរាជានិយម នៅកម្ពុជាបានជាដាច់ខាត។
លោកបានបន្តថា ថ្ងៃនេះ ជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់ នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីការរំដោះប្រទេស ឱ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាល ដែលប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននឹងកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្របវិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងសុខសន្តិភាព និងសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមល្អប្រសើរ ហើយក៏សូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សាជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរ។
ឆ្លៀតពេលនេះផងដែរក្នុងជាប្រធានក្រុមការងារចុះជួយឃុំពងទឹក សូមធ្វើការប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រលុះអវសាន្តជីវិត ប្តេជ្ញាការពារច្បាប់រដ្ឋធម្មនុញ នៃព្រះរាជណាចក្រកម្ពុជា ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើង ក្រោមការបោះឆ្នោតត្រឹមត្រូវសេរី និងយុត្តិធម៌ ដែលសម្តេចតេ ហ៊ុន សែន និងធ្វើការថ្កោលទោសដាច់ខាត ចំពោះទណ្ឌិត សម រង្សី និងក្រុមបក្ខពួកដែល មានគោលបំណងបំផ្លាញ សុខសន្តិភាព ស្ថេរភាពនយោបាយ ព្រមទាំងការអភិវឌ្ឍន៍ប្រទេស និងស្នើរសុំអនុវត្តន៍ច្បាប់ជាធរមាន ដោយឥតលើកលែង ចំពោះក្រុមចលនាទាំងនេះ ដើម្បីរក្សាសុខសន្តិភាព រក្សាស្មារតី៧ មករា ឆ្នាំ១៩៧៩ ជាអមតៈដែលបានរំដោះប្រជាជន ពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវចលនាទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់មេក្រុមឧទ្ទាម សម រង្ស៉ី ដែលញុះញង់ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕