(ភ្នំពេញ)៖ គ្រឿងឧបភោគ បរិភោគ រួមនឹងថវិកាមួយចំនួនផង ត្រូវបានលោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឧបត្ថម្ភទៅដល់ទូកងចំនួន៦ មកពីខេត្តក្រចេះ ដែលចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃក្នុងរាជធានីភ្នំពេញ។
គ្រឿងឧបភោគ បរិភោគ និងថវិកាដែលជាជំនួយឧបត្ថម្ភរបស់លោក អ៉ឺម ឈុនលឹម ត្រូវបានលោក តាំង រតនា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ យកទៅប្រគល់ជូនដល់តំណាងទូកនីមួយៗនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
បើតាមលោក តាំង រតនា បានឱ្យដឹងថា ទូកមួយទទួលបាន អង្ករ ១ពាន់គីឡូក្រាម, មីម៉ាម៉ា ១០កេសធំ, ទឹកដោះគោ ៤កេស, ត្រីខ ៤កេស, ស្ករស ១០០គីឡូក្រាម, ទឹកក្រូច ៤២កេស, ទឹកផ្លែឈើ ១៩កេស, ទឹកបរិសុទ្ធ ៣០កេស។ ដោយឡែកថវិកាវិញ ទូកគូពិសេសទទួលបាន ១លានរៀល រីឯទូកគូមិនពិសេស ទទួលបាន ៥០ម៉ឺនរៀល។
ការឧបត្ថម្ភដល់ទូកងទាំង៦នេះ គិតទាំងគ្រឿងឧបភោគ បរិភោគ និងថិវកា សរុបជាថវិកាមានចំនួនប្រមាណ ១៥លានរៀល។ លោក អ៉ឺម ឈុនលឹម តែងបានឧបត្ថម្ភដល់ទូកងមកពីខេត្តក្រចេះជារៀងរាល់ឆ្នាំ។
ព្រះរាជពិធីបុណ្យអុំទូក នឹងចាំផ្តើមនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះហើយ។ ព្រះរាជពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃ៕