(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងផែនការ ជួបជុំគ្នាចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) និងទទួលទានអំបុកជាមួយចេកទុំ ដូងខ្ចី ទឹកត្នោត ជាមួយក្រុមគ្រួសារមន្ត្រីរាជការ នៃក្រសួងផែនការ ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែង «អំបុកខ្មែរថែរជាតិ សាសនា និងព្រះមហាក្សត្រ»។
លោករដ្ឋមន្រ្តី ឆាយ ថន បានឲ្យដឹងថា ការរៀបចំពិធីអកអំបុក នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺដើម្បីអបអរសាទរ ដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គី របស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុក ដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោករដ្ឋមន្រ្តី ឆាយ ថន បានបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងផែនការ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឲ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕