(ភ្នំពេញ)៖ ក្នុងបរិយាកាសប្រទេសជាតិ មានសុខសន្តិភាព ពេញបរិបូរណ៍ នៃការអបអរសាទរ ខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ គ្រាន់តែឈានចូលមកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះភ្លាម គេសង្កេតឃើញតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ភូមិឃុំ បានសម្ដែងនូវការជួបជុំគ្នាដាល់អំបុក និងពិសាអំបុកខ្មែរ ដើម្បីថែជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ ដែលជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្រឆាំងគម្រោងធ្វើរដ្ឋប្រហារ និងផ្តួលរំលំរបបរាជានិយម ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៉ី។
ជាក់ស្ដែងនៅព្រឹកនេះ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណះ នៃមូលដ្ឋានខណ្ឌឫស្សីកែវ ដែលមានរដ្ឋបាលសង្កាត់ចំនួន៧ និងភូមិចំនួន៣០ភូមិ បានរៀបចំជួបជុំគ្នាដល់ទៅ ៣៤ទីតាំងផ្សេងៗគ្នា ដើម្បីដាល់អំបុក និងពិសាអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងឱកាស អបអរសាទរ ខួបលើកទី៦៦ បុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកានេះ។
ក្នុងនាឱកាសដ៍ប្រសើរថ្លៃថ្លានេះ លោក ជា ពិសី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៃរដ្ឋបាលខណ្ឌឫស្សីកែវទាំងអស់ បានសម្ដែងនូវការគោរព និងឧទ្ទិសថ្វាយអតីត ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ និងវីរៈជនអ្នកស្នេហាជាតិ ដែលបានធ្វើពលីកម្មបូជា សាច់ស្រស់ឈាមស្រស់ និងបញ្ញាស្មារតី ក្នុងបុព្វហេតុទាមទារ ដណ្ដើមបានឯរាជ្យទាំងស្រុង ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកានេះ។
ឆ្លៀតនាឱកាសក្រោយពិធីដាល់អំបុក និងពិសាអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយ ដែលជាការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក ជា ពិសី បានបន្តជំរុញបន្ថែមទៀត ឲ្យសមត្ថកិច្ច និងមន្ត្រីរាជការទាំងអស់ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាពឲ្យបានល្អប្រសើរ ជូនដល់បង-ប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យ ឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ។
គួររំលឹកផងដែរថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួប៦៦ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា ត្រូវបានប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំ៕