(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019 ដល់ម្ចាស់អាជីវកម្មផ្នែកសម្ផស្សនៅកម្ពុជា ដែលរៀបចំឡើងដោយក្រុមហ៊ុន Luxury Smile Beauty Group Co., LTD បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងជាមោទនភាពបំផុតមួយសម្រាប់វិស័យពាណិជ្ជកម្មនៅកម្ពុជា។
កម្មវិធីដ៏មានសារៈសំខាន់នេះរៀបចំឡើងកហរោមការចូលរួមពីលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី វី សាឌី អនុប្រធានគណៈកម្មការប្រឆាំងផលិតផលក្លែងក្លាយក្លែងក្លាយ ព្រមទាំងមានវត្តមានរបស់តំណាងស្ថានទូត ស្ថាប័នពាណិជ្ជកម្ម និងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើនផ្សេងទៀត។
ក្រុមហ៊ុន Luxury Smile Beauty Grop Co., LTD ដែលជាក្រុមហ៊ុនបង្កើតម៉ាកសញ្ញា និងចែកចាយគ្រឿងសម្អាងធំជាងគេបំផុតនៅកម្ពុជា និងមានរោងចក្រផលិតដ៏ធំនៅប្រទេសថៃ ជាក្រុមហ៊ុនដែលបានផ្តល់សិទ្ធិចែកចាយគ្រឿងសម្អាងប្រកបដោយគុណភាព សុវត្ថិភាព និងទំនុកចិត្តខ្ពស់ ដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើននាពេលបច្ចុប្បន្ននេះ។
រដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ វណ្ណឌីន បានលើកឡើងថា ពិធីប្រគល់ពានរង្វាន់នៅថ្ងៃនេះ ជាសក្ខីភាពដ៏សំខាន់បង្ហាញឱ្យឃើញពីភាពរីកចម្រើននៃវិស័យពាណិជ្ជកម្ម ពាក់ព័ន្ធនឹងផ្នែកសម្ផស្សនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំរុញឱ្យសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរ ហើយក៏ជំរុញលើកទឹកចិត្តផងដែរឱ្យក្រុមហ៊ុនឯកជន ចូលរួមចំណែកគោរពតាមបទដ្ឋានសុវត្ថិភាព ឬធ្វើអាជីវកម្មដោយផ្តោតសំខាន់លើការគិតគូពីសុខភាពរបស់សាធារណជនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបន្ដថា គំនិតផ្តួចផ្តើមគំនិតបង្កើតកម្មវិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ជាការឆ្លើយតបយ៉ាងល្អដើម្បីធ្វើយ៉ាងណាឱ្យការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ជាពិសេសអាជីវកម្មពាក់ព័ន្ធនឹងសុខភាព បង្កើនភាពរីកចម្រើនប្រកបដោយភាពវិជ្ជមាន និងអនុលោមទៅតាមលក្ខខណ្ឌត្រឹមត្រូវដែលកំណត់ដោយក្រសួងសុខាភិបាល។
លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Beauty Group Co., LTD បានឱ្យដឹងថា ការបង្កើតកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនឆ្នើម Successful CEO Award 2019 នៅថ្ងៃនេះ គឺបង្ហាញពីចេតនាដ៏សំខាន់ក្នុងការចូលរួមចំណែកលើកស្ទួយដល់វិស័យសុខាភិបាល ជាពិសេសផ្នែកផលិតផលថែរក្សាសម្រង់ដែលកំពុងមានការវិវឌ្ឍទៅមុខជាលំដាប់ប្រកបដោយភាពវិជ្ជមាន។
លោកឧកញ៉ាបន្ដថា បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងមានសុខសន្តិភាព និងស្ថិរភាពល្អ ដែលកម្រិតនៃការរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ល្អ។
ហេតុនេះនៅពេលមនុស្សមានការរស់នៅកាន់តែប្រសើរ នោះពួកគាត់នឹងចាប់ផ្តើមគិតគូកាន់តែច្រើនលើគុណភាពនៃការរស់នៅ និងភាពស្រស់ស្អាត ដែលធ្វើឱ្យវិស័យសម្ផស្សក្លាយជាវិស័យប្រកបដោយសក្តានុពលមួយនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ បានបន្ថែមថា៖ «យើងសង្ឃឹមថាកម្មវិធីប្រគល់ពានរង្វាន់ឆ្នើម Successful CEO Award 2019 ដ៏ធំ និងដំបូងបំផុតប្រចាំឆ្នាំ 2019 នេះនឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មផ្នែកសម្ផស្សនៅកម្ពុជាមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបន្តអភិវឌ្ឍខ្លួន និងបង្កើនការយល់ដឹងផ្នែកផ្លូវច្បាប់ដើម្បីជំរុញការរីកចម្រើនឱ្យក្លាយជាក្រុមហ៊ុនស្តង់ដារខ្ពស់សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារក្នុងប្រទេស ក៏ដូចជាទីផ្សារតំបន់»។
សហគ្រិនវ័យក្មេងប្រកបដោយសក្តានុពលខាងលើបានលើកឡើងផងដែរថា កម្មវីធីដ៏អស្ចារ្យនេះមិនត្រឹមតែជំរុញលើកទឹកចិត្តម្ចាស់អាជីកវម្មផ្នែកសម្ផស្សប៉ុណ្ណោះទេ តែក៏ជាការផ្តល់ការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិចំពោះផលិតផល និងអាជីវកម្មដែលគាត់ខិតខំអភិវឌ្ឍឡើងនេះ ព្រោះអ្នកចូលរួមទាំងអស់សុទ្ធតែជាបុគ្គលសំខាន់ដែលនេះជាភស្តុតាងប្រកបដោយសក្តានុពលក្នុងការបង្ហាញទៅកាន់អតិថិជន និងសាធារណជនឱ្យកាន់តែមានទំនុកចិត្តលើផលិតផលរបស់ម្ចាស់ពានរង្វាន់នីមួយៗ។ បន្ថែមពីលើនេះ ម្ចាស់អាជីវកម្មទាំងអស់ក៏បានយកឱកាសនេះដើម្បីស្វែងយល់បន្ថែមផងដែរពីចំណេះដឹងសំខាន់ៗទាំងផ្នែកច្បាប់ និងយុទ្ធសាស្រ្តអាជីវម្មពីអ្នកជំនាញផ្នែកសម្ផស្ស៕