(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រារព្ធធីបុណ្យឯករាជ្យជាតិ ខួបលើកទី៦៦ និងពិសារអំបុកសាមគ្គី ការពារជាតិ សាសនា ព្រះមហាក្សត្យក្រោមបរិយាកាស សប្បាយរីករាយ។
ការរៀបចំពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ គឺស្របតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ថ្លែងនៅក្នុងឱកាសប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នាឱកាសនេះ លោក ប្រាក់ សុវណ្ណ បានធ្វើការអំពាវនាវឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋត្រូវរួមគសាមគ្គីគ្នា ជាធ្លុងមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីការពារសុខសន្តិភាព អធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្ស ព្រោះសន្តិភាព គឺជាគ្រឹះយ៉ាងរឹងមាំ សម្រាប់ប្រទេសជាតិធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។
បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លោកអភិបាលខេត្តរួមនឹងថ្នាក់ដឹកនាំមន្រ្តីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ បាននាំគ្នាប្រាព្ធពិធីអកអំបុកសាមគ្កីជាតិ ដើម្បីការពារជាតិសាសនា ព្រះមហាក្សត្រ។
អភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ បានបន្តថា ពិធីពិសាអំបុកសាមគ្គីជាតិ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃនេះ បានធ្វើឡើងនៅទូទាំងឃុំ-សង្កាត់ របស់ខេត្ត ដោយរៀបចំជាកន្លែង មានប្រជាពលរដ្ឋនិងមន្រ្តីរាជការចូលរួមរាប់ម៉ឺននាក់ ប្រើប្រាស់អំបុកជាច្រើនតោន ចេកជាច្រើនស្និត ដូងជាច្រើនផ្លែ ព្រមទាំងសម្ភារមួយចំនួនទៀត សម្រាប់ការរៀបចំពិធីពិសារអំបុកនេះ។
លោកអភិបាលខេត្តព្រះវិហារ ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តទាំងអស់ចូលរួមពិធីពិសារអំបុកសាមគ្គីជាតិនេះ នៅតាមមូលដ្ឋាននៅទូទាំងខេត្ត ហើយកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអ្វីឱ្យសោះ ព្រោះប្រទេសជាតិមានសុខសន្តិភាព១០០ភាគរយ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធានាការពារសុខសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋមិនឱ្យមានបញ្ហាអ្វីកើតឡើងនោះទេ៕
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់ លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕