(ភ្នំពេញ)៖ ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស កំពុងតែចូលរួមយ៉ាងសប្បាយរីករាយ ហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ។
ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ស្រុកមុខកំពូល ខេត្តកណ្តាលវិញ ក៏បានចូលរួម សប្បាយរីករាយ និងអបអរសាទរ នូវពិធីហូបអំបុកតេជោសន្តិភាព ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ភូមិ និងតាមវត្តអារាម សរុបប្រមាណ ៧០ ទីតាំង នៅក្នុងឃុំទាំង០៧ នៃស្រុកមុខកំពូល ខេត្តកណ្តាល ដោយមាននូវអំបុក មានចេក មានដូង ផ្លែឈើច្រើនមុខ ភេសជ្ជៈ ទឹកបរិសុទ្ធ និងការរាំរែកច្រៀង កំសាន្តយ៉ាងសប្បាយរីករាយ ដោយមានវត្តមាន ចូលរួមដោយផ្ទាល់ពីសំណាក់លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណៈពង្រឹង មូលដ្ឋានស្រុកមុខកំពូល និងសហការីក្នុងជួរគណៈពង្រឹងគ្រប់លំដាប់ថ្នាក់។
លោក វង្សី វិស្សុត បានថ្លែងថា ថ្ងៃទី០៩ ខែវិច្ឆិកា នៃទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៦ ឆ្នាំ២០១៩ នេះ មានលក្ខណៈពិសេសដោយសារមាន ព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ ដែលជាពិធីបុណ្យជាតិមួយដ៏ធំ របស់ខ្មែរយើងនឹងត្រូវប្រព្រឹត្តិទៅ បន្តចាប់ពីថ្ងៃទី១០-១១ និង១២ ខែវិច្ឆិកា និងម្យ៉ាងឆ្នាំនេះ យើងមានរៀបចំនូវពិធីហូបអំបុក នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាចលនាមហាសាមគ្គីជាតិខ្មែរ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាដើម្បីការពារ ឱ្យបានដាច់ខាតនូវសុខសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងតែមានសព្វថ្ងៃនេះ កុំឱ្យបាត់បង់។
លោកបន្តថា ក៏ប៉ុន្តែជាប្រការដ៏គួរឱ្យអកុសលបំផុត ដែលក្រុមឧទ្ទាមក្រៅច្បាប់ បានប្រកាសយកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃធ្វើរដ្ឋប្រហារផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីដណ្តើមអំណាចក្រៅការបោះឆ្នោត និងមិនតាមមធ្យោបាយប្រជាធិបតេយ្យ តាមរយៈការញុះញង់ដល់កម្លាំងប្រដាប់អាវុធ មិនឱ្យស្តាប់បញ្ជា និងញុះញង់កុហកបោកប្រាស់ តាមគ្រប់ឧបាយកលម្តងហើយម្តងទៀត ដើម្បីឱ្យប្រជាពលរដ្ឋងើបប្រឆាំង នឹងរដ្ឋអំណាចស្របច្បាប់ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋសារជាថ្មីម្តងទៀត។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមឧទ្ទាមក្រៅច្បាប់នេះ បានប្រមាថដល់អង្គព្រះមហាក្សត្រ ដែលត្រូវបានការពារដោយច្បាប់ និងជាទីស្កការៈរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលប្រការនេះ គឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល របស់ប្រទេសយ៉ាងជាក់ស្តែង មិនអាចប្រកែកបាន។ រាជរដ្ឋាភិបាល នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីទប់ស្កាត់នូវរាល់ សកម្មភាពទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចលនៅក្នុងប្រទេសកម្ពុជា។
លោកបាន វង្សី វិស្សុត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួបរួមគ្នាជាកម្លាំងមហាសាមគ្គី ជាតិខ្មែរទាំងមូល ដើម្បីការពារ និងថែរក្សាសន្តិភាព ដែលសម្រេច បានមកដោយលំបាកលំបិននេះ ឱ្យស្ថិតស្ថេរគង់វង្ស ដើម្បីការអភិវឌ្ឍ, ការរីកចម្រើនរុងរឿង និងភាពសុខដុមរម្យនារបស់សង្គមជាតិខ្មែរ ដើម្បីនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ត្រើយសុខសន្តិភាពយូរអង្វែង វឌ្ឍនភាព វិបុលភាព និងយុត្តិធម៌សង្គម។
លោកក៏បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿការឃោសនាកុហកបោកប្រាស់ ដែលនាំឱ្យជាតិយើងបែកបាក់ និងធ្លាក់ចុះដុនដាបថយក្រោយ ដូចពីអតីកាលទៀត តែសូមឱ្យមានទំនុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ឱ្យនេះឱ្យកាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារលំដាប់ ពិសេសការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទន្ទឹមនឹងនេះ លោកក៏បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមពិធីពិសារអំបុកសាមគ្គីជាតិ និងកំសាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យអ៊ុទូក អកអំបុក និងសំពះព្រះខែ ដោយកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអ្វីឲ្យសោះ ព្រោះប្រទេសជាតិយើងមានសុខសន្តិភាព ១០០% ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធានាការពារសុខសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ មិនឲ្យមានបញ្ហាអ្វីកើតឡើងនោះទេ៕