(កណ្ដាល)៖ ប្រធានគណៈពង្រឹងឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល លោក អ៊ាវ ចំរើន និងប្រធាន-អនុប្រធាន ចុះជួយឃុំស្អាងភ្នំ ស្រុកស្អាង នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិក សមាជិកា និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ។
ពិធីដែលបានធ្វើឡើង យ៉ាងសប្បាយរីករាយនេះ បានបង្ហាញថា ប្រទេសជាតិយើងមានសុខសន្ដិភាព ប្រជាពលរដ្ឋសុខសាន្ដ តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការទទួលទានអំបុកនេះ គឺដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោក អ៊ាវ ចំរើន បានឲ្យដឹងថា ការទទួលទានអំបុកនេះ ក៏ជាការប្រឆាំងចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ជាតិឡើយ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវ របស់លោក សម រង្ស៉ី ឲ្យប្រជាពលរដ្ឋ ផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ៕