(ភ្នំពេញ)៖ ស្របពេលប្រជាពលរដ្ឋខ្មែរក្នុងប្រទេស ធ្វើពិធីពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ យ៉ាងសប្បាយរីករាយគគ្រឹកគគ្រេងទូទាំងប្រទេសនោះ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្មែរ រស់នៅតាមរដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក ក៏បាននាំគ្នាទទួលទានអំបុកសាមគ្គីនេះផងដែរ ដើម្បីឆ្លើយតបនឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។
ប្រជាពលរដ្ឋខ្មែរអនិកជនទាំងនោះ បានសម្តែងភាពរីករាយ ជាមួយនឹងការទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ហើយបង្ហាញពីការគាំទ្រចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ និងសម្បូរសប្បាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ទៅមុខជាលំដាប់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវចលនាទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់មេក្រុមឧទ្ទាម សម រង្ស៉ី ដែលញុះញង់ឱ្យប្រជាពលរដ្ឋបះបោផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
គ្រាន់តែមកដល់ថ្ងៃទី០៩ ខែវិច្ឆិកានេះភ្លាម គេឃើញតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងប្រជាពលរដ្ឋតាមបណ្តាខេត្ត ក្រុង ស្រុក ខណ្ឌ ភូមិឃុំ បានជួបជុំគ្នាដាល់អំបុក និងពិសាអំបុកយ៉ាងសប្បាយរីករាយ ក្នុងបរិយាកាសប្រទេសជាតិ មានសុខសន្តិភាព ពេញបរិបូរណ៌។
សូមជម្រាបថា ក្នុងឱកាសថ្លែងលើវេទិកាសាធារណៈនានា និងតាមបណ្តាញសង្គម Facebook ក្តី សម្តេចតេជោ ហ៊ុន សែន តែងតែបានអំពាវនាវសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមហូបអំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ៕
សូមទស្សនាវីដេអូ ប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក ហូបអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ ខាងក្រោមនេះ៖