(រតនគិរី)៖ នាឱកាសប្រារព្ធបុណ្យឯករាជ្យជាតិលើកទី៦៦ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ក្រោមផ្ទៃមេឃដ៏ស្រស់ស្អាត ប្រទេសកម្ពុជា ទើបទទួលបាននូវសុខសន្តិភាពពេញលេញ រយៈពេលជាង ២០ឆ្នាំ បន្ទាប់ពីបានហែលឆ្លងផុតពីរបបប្រល័យពូជសាសន៍ និងការបញ្ចប់នូវសង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅចុងឆ្នាំ១៩៩៨ ក្រោមគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចតេជោនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី បានដឹកនាំមន្រ្តីរាជការ និងប្រជាពលរដ្ឋ ចូលរួមហូបអំបុកដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនៅខេត្តរតនគីរីផងដែរ។
សមិទ្ធិផលជាប្រវត្តិសាស្រ្ត ក្រោមការពលី និងការលះបង់ដ៏ខ្ពង់ខ្ពស់ ដោយមិនខ្លាចការនឿយហត់របស់សម្តេចតេជោ ប្រទេសកម្ពុជា សម្រេចបាន និងប្រែក្លាយជាប្រជាជាតិតែមួយ ទឹកដីតែមួយ និងគ្រួសារខ្មែរតែមួយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាង ១៥០ឆ្នាំ ចុងក្រោយនេះ។
ជាមួយនឹងម្លប់សុខសន្តិភាព និងក្រោមជើងមេឃដ៏ស្រស់ស្អាតនេះ ប្រជាជនកម្ពុជា មានឱកាសច្រើនឥតដែនកំណត់ សម្រាប់ការកសាងនូវអនាគតមួយដ៏រុងរឿង។ យើងនឹងបន្តធ្វើការរួមគ្នា ដើម្បីកសាងប្រទេសយើង សម្រាប់យើងទាំងអស់គ្នា និងសម្រាប់អនាគតកូនចៅរបស់យើង ក្រោមទស្សនៈវិស័យដឹកនាំដ៏វែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលម្ពុជា ដែលមាន សម្តេចតេជោ ជាប្រធាន និងជានាយករដ្ឋមន្រ្តី។
ប្រវត្តិសាស្រ្តថ្មីៗ នៃរបបប្រល័យពូជសាសន៍ សង្រ្គាមស៊ីវិល ការបែកបាក់ និងការបំផ្លិចបំផ្លាញ គឺស្ថិតក្នុងការចងចាំជានិច្ចរបស់យើងទាំងអស់គ្នា។ យើងទាំងអស់ បានទទួលរងគ្រោះ និងការលំបាកលំបិនច្រើនណាស់ ហើយយើង ក៏ធ្លាប់បានទទួលនូវមេរៀនដ៏សែនឈឺចាប់ និងសេចក្តីសោកសង្រេងជាពន់ពេក ពីអតីតកាល ផងដែរ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបញ្ឍប់រាល់ការប៉ុនប៉ង និងការបំផ្លិចបំផ្លាញគ្រប់រូបភាព មកលើទឹកដីកំណើតរបស់យើង ដើម្បីឲ្យប្រទេសនិងប្រជាជនយើង ជៀសផុតពីការបំផ្លិចបំផ្លាញ និងការខ្ទេចខ្ទាំ សារជាថ្មីម្តងទៀត។
លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាជនទាំងអស់គ្នាត្រូវ ស្រឡាញ់ប្រទេសយើង ស្រឡាញ់ប្រជាជននិងអ្នកជិតខាងយើង ស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោនាយករដ្ឋមន្រ្តី៕