(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានអះអាងថា សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ត្រូវធានាបានយ៉ាងល្អប្រសើរ ហើយមិនមានបាតុភាពណាមួយគំរាមកំហែងរំខានដល់ការប្រារព្ធព្រះរាជពិធីបុណ្យអំុទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រារព្ធឡើងក្នុងរាជធានីភ្នំពេញនោះឡើយ។ លោកអភិបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមលេងកម្សាន្តដោយរីករាយក្នុងព្រះរាជពិធីនេះ កុំបីមានការព្រួយបារម្ភពីបញ្ហាសន្តិសុខ។
ប្រជាពលរដ្ឋមួយចំនួនទាំងអ្នកនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផង ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះបានបង្ហាញក្តីព្រួយបារម្ភមួយខ្លាចមានបាតុភាពចលាចលកើតឡើងក្នុងរាជធានីភ្នំពេញនៅថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បន្ទាប់ពីក្រុមជនក្បត់ជាតិ ដឹកនាំដោយ សម រង្ស៉ី រៀបចំគម្រោងវិលចូលមកកម្ពុជាវិញ។
ក្នុងពិធីពិសាអំបុក «ការពារជាតិ សាសនា ព្រះមហាក្សត្រ» នៅទីតាំងវត្តភ្នំ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធជាច្រើននាក់ ត្រូវបានដាក់ពង្រាយ ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដើរលេងកម្សាន្ដសប្បាយ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។
«សន្ដិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញរបស់យើងនេះ ទទួលបានសុខ សន្ដិភាពយ៉ាងពេញលេញទាំងចរាចរណ៍ ទាំងសណ្ដាប់ធ្នាប់ ទាំងសន្ដិសុខ បងប្អូនប្រជាពលរដ្ឋយើងអត់មានការព្រួយបារម្ភទេ។ ជាពិសេសទៀតយើងសង្កេតនៅតាមទីផ្សារអត់មានអតិផរណាទេ ទំនិញរក្សាតម្លៃដដែល។ នេះជាការជឿជាក់របស់ប្រជាជនទៅលើរាជរដ្ឋាភិបាល»។ លោក ឃួង ស្រេង បញ្ជាក់។
លោកបានបន្ថែមទៀតថា «មិនមានបាតុភាពអ្វីកើតឡើងទេ ដោយសារប្រជាពលរដ្ឋសព្វថ្ងៃនេះលោកជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ។ មានសម្តេចតេជោ មានសន្តិភាព មានសេដ្ឋកិច្ចរីកចម្រើន អ៊ីចឹងទេគាត់ជឿជាក់លើបញ្ហានេះណាស់»។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បានអំពាវនាវដលប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេស អាចមកដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ។ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងព្រះរាជពិធីនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធសរុបជិត ២ម៉ឺននាក់។
ក្រៅពីកម្លាំងប្រដាប់អាវុធជិត២ម៉ឺននាក់នេះ រាជរដ្ឋាភិបាល បានត្រៀមកម្លាំងពិសេសផ្សេងទៀត ដើម្បីត្រៀមការពារ និងអន្ដរាគមន៍ ពេលមានបញ្ហាផ្សេងៗ។ ក្នុងនោះក្រុមគ្រូពេទ្យក៏ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់ប្រជាពលរដ្ឋមានបញ្ហាសុខភាពផងដែរ៕