(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០១៩ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលបានតស៊ូ យ៉ាងជោគជ័យរំដោះទឹកដី ចេញផុតពីនឹមត្រួតត្រាអាណានិគមនិយមបារាំង និងហូបអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅបរិវេណមុខសាលាខេត្ត ក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមប្រមាណ៤ពាន់នាក់។
លោក ជាម ច័ន្ទសោភ័ណ ថ្លែងថា ខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ទូទាំងប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ព្រោះជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងដែលកម្លាំងមហាសាមគ្គីរបស់ប្រជាជាតិទាំងមូល ដណ្តើមបានទាំងស្រុងមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ក្រោមព្រះរាជបូជនីកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិនៃយើងទាំងអស់គ្នា។
អភិបាលខេត្ត បានបន្តទៀតថា សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គជាបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួម និងផ្សះផ្សារជាតិ ទ្រង់បានលះបង់នូវព្រះកាយពល ព្រះបញ្ញាញាណ រកគន្លឹះដោះស្រាយបញ្ហាកម្ពុជា រហូតទទួលបានសុខសន្តិភាព រស់ក្រោមដំបូលឆ័ត្រតែមួយ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៏ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅពេលជាមួយ នឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ វីរយុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលិកម្ម អាយុជីវិត យ៉ាងអង់អាចក្លាហានបំផុត ដើម្បីសង្គ្រោះជាតិ មាតុភូមិពីរបបប្រល័យពូជសាសន៍ ពីភ្នក់ភ្លើងសង្គ្រាមគ្រោះកាចចង្រៃ ផ្សេងៗ ព្រមទាំងបានរួមចំណែកយ៉ាងធំធេង ក្នុងការការពារទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព សន្តិភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រោមម្លប់របស់ព្រះមហាក្សត្យកម្ពុជា តែងតែដង្ហែរតាមព្រះរាជតំរិះ ដ៍ថ្លៃថ្លាជារៀងរហូតមក។ លោកបន្តថា ដោយសារការខិតខំប្រឹងប្រែងយ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យសង្គមជាតិទាំងមូល មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោកបានប្តេជ្ញាថា នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងគ្រប់រូបភាពទាំងអស់ ដើម្បីទប់ស្កាត់ ទាំងវិធានការច្បាប់ រដ្ឋបាលសាធារណមតិ និងការទូត ឲ្យបានជាដាច់ខាតនូវល្បិចបោកប្រាស់ អំពើក្បត់ជាតិ និង ការប៉ុនប៉ង់រដ្ឋាភិបាលស្របច្បាប់ដោយទណ្ឌិត សម រង្សី និងបក្ខពួករបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕