(បន្ទាយមានជ័យ)៖ គិតត្រឹមម៉ោង១២៖០០នាទី ថ្ងៃត្រង់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចំណុចច្រកអន្តរជាតិប៉ោយប៉ែត្រ និងច្រកនានា ក្នុងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ធម្មតា មិនមានអ្វីមិនប្រក្រតីនោះឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ កងកម្លាំងដែលកំពុងប្រចាំការនៅតំបន់ព្រំដែនប៉ោយប៉ែត។
ទោះជាយ៉ាងនេះក្តី កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅតែបន្តប្រចាំការនៅតាមបណ្តោយព្រំដែនក្នុងខេត្តនេះ ដើម្បីការពារចំពោះការបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាសន្តិភាពប្រទេសកម្ពុជា។ ចំណែកកម្លាំងសមត្ថកិច្ចថៃនៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែនផងដែរ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីនេះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។
លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់ នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕