(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបង្ហាញពីទីតាំងតង់គិលានសង្គ្រោះចំនួន១២កន្លែង សម្រាប់ផ្ដល់សេវាសង្គ្រោះបឋមជូនពលរដ្ឋ ដោយគិតថ្លៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថាបន្ដថា «យើងមានក្រុមគ្រូពេទ្យផ្តល់សេវាសង្គ្រោះបន្ទាន់ ដោយឥតគិតថ្លៃ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ»

ដើម្បីការពារកុំឲ្យមានបញ្ហាសុខភាពក្នុងពេលដើរលេងកម្សាន្តសប្បាយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរក្សាសុខភាពផ្ទាល់ខ្លួនឲ្យបានល្អ ដោយចូលរួមការពារទប់ស្កាត់ការចម្លងរោគឆ្លងនានា និងការពារការរាគរូស ឬពុលចំណីអាហារ ដោយអនុវត្តវិធានការថែរក្សាអនាម័យស្អាត ធានានូវសុវត្ថិភាពចំណីអាហារ បរិភោគចំជាអាហារឆ្អិនល្អ និងពិសារទឹកស្អាត ឬដាំពុះ ជាពិសេស សូមកុំច្រាន ឬប្រជ្រៀតគ្នាដើម្បីទប់ស្កាត់នូវការដួលសន្លប់ ដែលអាចកើតមានជាយថាហេតុ បើបងប្អូនវិលមុខ ឬស្រវាំងភ្នែកសុំអង្គុយ និងហៅរកអ្នកជួយសង្គ្រោះ។
ទន្ទឹមនឹងនេះ ក្រសួងបានចាត់ចែងឲ្យមានសេវារថយន្តសង្គ្រោះ និងការពិនិត្យព្យាបាលនៅតាមកន្លែងតង់សុខភាព ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព សូមស្វែងរកប្រើប្រាស់សេវា នៅតាមទីតាំងដូចបានរៀបរាប់ខាងក្រោមនេះបានដោយគ្មានការបង់ថ្លៃឡើយ ឬសូមទំនាក់ទំនងលេខ១១៩ សម្រាប់សេវារថយន្តសង្គ្រោះបន្ទាន់។ លើសពីនេះ ក្រសួងក៏បានត្រៀមឲ្យមានក្រុមគ្រូពេទ្យចល័តក្នុងហ្វូងប្រជាពលរដ្ឋ ដោយមានឯកសណ្ឋានពេទ្យ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលគាត់អាចមានបញ្ហាសុខភាពហើយមិនអាចមករកគ្រូពេទ្យនៅតាមតង់សុខភាព ឬរថយន្តសង្គ្រោះបានផងដែរ។

ក្រសួងសុខាភិបាលបានត្រៀមក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះចល័តតាមគោលដៅចំនួន៣គ្រឿង រថយន្តគ្លីនិកចល័ត ៤គ្រឿងផ្តល់សេវា២៤ម៉ោង និងមានបោះតង់ពិនិត្យសុខភាពសេវា ២៤ម៉ោងចំនួន ១២ កន្លែងផ្សេងៗគ្នាផងដែរ។

បើមានបញ្ហាសុខភាព សូមប្រជាពលរដ្ឋស្វែងរកសេវាពិនិត្យសុខភាពនៅតាមទីតាំងកំណត់ដូចខាងក្រោម៖
១៖ រថយន្តគ្លីនិកចល័ត៤គ្រឿង ផ្តល់សេវា២៤ម៉ោង ៤កន្លែង រួមមាន៖
*នៅមជ្ឈមណ្ឌលកោះពេជ្រ
*នៅទីធ្លាមុខវត្តបុទុមវត្តី
*នៅជ្រោយចង្វារមណ្ឌល OCIC
*នៅជ្រោយចង្វារក្បែសណ្ឋាគារសុខាភ្នំពេញ
២៖ តង់សុខភាពចំនួន ១២ តង់តាមទីតាំង (ផ្តល់សេវា ២៤ម៉ោង)៖
*តង់ទី១ នៅកោះពេជ្រ
*តង់ទី២ នៅស្តូបកម្ពុជា-វៀតណាម
*តង់ទី៣ នៅសួនច្បារមុខនាយកដ្ឋានអង្គរក្ស
*តង់ទី៤ នៅបរិវេណសណ្ឋាគាររណសិរ្ស
*តង់ទី៥ នៅមុខគណៈកម្មការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ
*តង់ទី៦ នៅក្បែរវេទិកាកិត្តិយសខាងត្បូង
*តង់ទី៧ នៅក្បែរវេទិកាកិត្តិយសខាងជើង
*តង់ទី៨ នៅមុខវត្តឧណ្ណាលោម ព្រះគន្លង
*តង់ទី៩ នៅផែថ្មរាជធានីភ្នំពេញ
*តង់ទី១០ នៅគល់ស្ពានបេឡេត្រើយខាងកើត
*តង់ទី១១ នៅខាងត្បូងគល់ស្ពានបេឡេត្រើយខាងកើត មណ្ឌល OCIC
*តង់ទី១២ នៅរង្វង់មូលនាងមច្ឆាមណ្ឌល OCIC
៣៖ រថយន្តសង្គ្រោះចំនួន ៣៩គ្រឿង ប្រចាំការតាមកន្លែងដូចខាងក្រោម៖
*១១ គ្រឿង ប្រចាំការនៅតង់សុខភាពទាំង១២កន្លែង (២៤ម៉ោង)
*១៦ គ្រឿង ប្រចាំការតាមដងផ្លូវ កន្លែងសាធារណៈ តាមដងទន្លេទាំងសងខាង និងទីកន្លែងផ្សេងៗពីគ្នា
*១២ គ្រឿង ប្រចាំការតាមកន្លែងស្នាក់នៅរបស់ក្រុមកីឡាករចំនួន១០ខេត្ត ខាងក្រោម (២៤ម៉ោង)៖ ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ចាម, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តក្រចេះ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកំពង់ធំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តស្វាយរៀង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តព្រៃវែង, ២ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តកណ្តាល, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តត្បូងឃ្មុំ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តតាកែវ, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តពោធិសាត់, ១ គ្រឿង កន្លែងស្នាក់នៅកីឡាករខេត្តបន្ទាយមានជ័យ។
ដោយឡែក ក្រសួងបានត្រៀមរថយន្តសង្គ្រោះចំនួន២៥គ្រឿងបន្ថែមទៀត ប្រចាំនៅក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់បំផុត។ សរុបរថយន្តសង្គ្រោះដែលត្រៀមមាន ៦៨ គ្រឿង។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោកវេជ្ជបណ្ឌិត សុខ ស៊្រុន ដែលមានលេខទូរស័ព្ទ៖០១២ ៩១២ ១២២៕

សូមជម្រាបថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចុះពិនិត្យតង់គិលានសង្គ្រោះចំនួន១២ទីតាំងរួចជាស្រេច ដើម្បីត្រៀមឧបករណ៍បរិក្ខារពេទ្យ និងឱសថ សម្រាប់ផ្ដល់សេវាសង្រ្គោះបឋមជូនពលរដ្ឋ ដោយឥតគិតថ្លៃ អំឡុងពេលមកដើរកំសាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕