(ភ្នំពេញ)៖ ដូចអ្វីដែលបានគ្រោងទុក ចូលរួមពិសាអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ បានចាប់ផ្តើមនៅទូទាំងប្រទេសហើយ ស្របពេលខួបលើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងរដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក គឹម រស្មី អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ និងសង្កាត់ព្រែកថ្មី បានដឹកនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ប្រារព្ធពិធីអកអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោក ហ៊ុយ ពិសិដ្ឋ បានឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុកដើម្បី ការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។
លោកបញ្ជាក់ថា ការទទួលទានអំបុកនេះ ក៏ជាការឆ្លើយតបចំពោះក្រុមក្បត់ជាតិ ដែលចង់បំផ្លិចបំផ្លាញដល់សន្តិភាព ដោយបង្ហាញថា ប្រជាពលរដ្ឋស្រលាញ់សន្តិភាព មិនចាញ់ឧបាយកលជនក្បត់ ជាតិឡើយ។
ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នា រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ហើយលោកបានអំពាវនាវដល់ពលរដ្ឋ កុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។
សូមបញ្ជាក់ថា នៅទូទាំងសង្កាត់ព្រែកថ្មី មានប្រជាពលរដ្ឋចូលរួមចំនួនជាង ២០០០នាក់ ទូទាំង៦ភូមិ ក្នុងសង្កាត់ព្រែកថ្មី៕