(ពោធិ៍សាត់)៖ ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ បានបញ្ចប់ដោយជោគជ័យ និងបង្កឲ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋមកពីគ្រប់ទិសទី ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្ត រហូតទៅដល់ជាង ៧ម៉ឺននាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
បើតាមការផ្ដល់ព័ត៌មានពីគណៈកម្មការបច្ចេកទេស របស់សហព័ន្ធកីឡាជាតិ បានឲ្យដឹងថា ទូក«ង» ដែលចូលរួមប្រកួតប្រជែងមានចំនួន ៣១ទូក ស្មើនឹង១៥គូ មកពីបណ្ដាមន្ទីរអង្គភាព នានាជុំវិញខេត្ត វត្តអារាម វិស័យឯកជន និងក្រុងស្រុកទាំង០៧ ក្នុងខេត្តពោធិ៍សាត់ ដែលមានឯកសណ្ឋានចម្រុះព័ណ៌ ក្រោមការឧបត្ថម្ភពីលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ផ្ទាល់តែម្ដង។
ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចនេះ លោក ម៉ៅ ធនិន បានឲ្យដឹងថា ពិធីបុណ្យអុំទូក គឺមានតាំងពីដូនតាមកម្ល៉េះ យើងអាចធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ លោកសូមឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាថែរក្សាសុខសន្តិភាពដែលរកបានដោយកម្រនេះ ឲ្យបានគង់វង្ស ដើម្បីយើងបានរួមគ្នាប្រារព្ធពិធីប្រណាំងទូកនេះ ជារៀងរាល់ឆ្នាំ និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកអភិបាលខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ការប្រណាំងទូក «ង» នៅខេត្តពោធិ៍សាត់ឆ្នាំនេះ មានរបៀបរៀបរយល្អជាងឆ្នាំមុន ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងកីឡាករអុំទូក និងការអនាម័យបរិស្ថាន ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាជាង៧ម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំមុន មានជាង៥ម៉ឺននាក់ប៉ុណ្ណោះ។
លោកបានបន្ថែមថា ឆ្នាំនេះក៏ដូចឆ្នាំមុន យើងមានការដាក់តាំងពិព័រណ៌លក់ផលិតផលនានា និងទំនិញផ្សេងៗ ការជិះម៉ូតូហោះលើអាកាស និងពេលរាត្រី មានបាញ់កាំជ្រួចព្រោងព្រាត ញ៉ាំងឲ្យភ្ញៀវដែលមកទស្សនាកាន់តែពុះកញ្ជ្រោល។ លោកសង្ឃឹមយ៉ាងមុតម៉ាំថា ឆ្នាំនេះយើងធ្វើបានប៉ុណ្ណឹង ឆ្នាំក្រោយយើងនឹងខិតខំបន្ថែមទៀត ដើម្បីមានឱកាសឈានទៅប្រកួតប្រជែង ជាមួយខេត្តក្រុងដទៃទៀត។
សូមបញ្ជាក់ថា នៅថ្ងៃបញ្ចប់ នៃការប្រណាំងទូក «ង» រយៈពេល២ថ្ងៃនេះ យើងបានរកឃើញទូក ដែលទទួលបានពានរង្វាន់ផែនលេខ១ មានចំនួន០៤ទូក ក្នុងមួយទូកទទួលបានថវិកា ៥លានរៀល, ពានរង្វាន់ផែនលេខ២ មានចំនួន១២ទូក ក្នុងមួយទូកទទួលបានថវិកា ៤លានរៀល, ពានរង្វាន់ផែនលេខ៣ មានចំនួន១២ទូក ក្នុងមួយទូកទទួលបានថវិកា ៣,៥លានរៀល និងពានរង្វាន់ផែនលេខ៤ មានចំនួន០៣ទូក ក្នុងមួយទូកទទួលបានថវិកា ៣លានរៀល។ ឧបត្ថម្ភក្រុមការងារបច្ចេកទេស២៧នាក់ ចំនួន២៧លានរៀល ដោយឡែកទូកកិត្តិយសតូចៗ ចំនួន០២ទូក ក្នុងមួយទូក ទទួលបានថវិកា ១លានរៀល ហើយទូកនីមួយៗ ក៏ទទួលបានការឧបត្ថម្ភបន្ថែម ពីសប្បុរសជនផ្សេងៗផងដែរ៕