(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានផ្ញើព្រះរាជសារថ្លែងអំណរគុណ ជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការអបអរសាទរ និងជូនពរព្រះអង្គ និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ នេះបើយោងតាមព្រះរាជសារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកានេះ។
សូមជម្រាបថា ប្រធានាធិបតីនៃប្រទេសមហាអំណាចលើពិភពលោក សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើសារលិខិតថ្វាយព្រះពរ ដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងប្រជាជនកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
បើតាមសារលិខិតលោក ដូណាល់ត្រាំ បានបញ្ជាក់ប្រាប់កម្ពុជាថា «សហរដ្ឋអាមេរិក ស្ថិតនៅជាមួយប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាននូវ ព្រះរាជណាចក្រ ដែលប្រកបដោយសន្ដិសុខ វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព»។
គួរបញ្ជាក់ថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួប៦៦ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូលបានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតន កោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ទិវាបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា ត្រូវបានប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរជារៀងរាល់ឆ្នាំ៕