(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្ត នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនរួមជាតិ ដែលបានចូលរួមថែរក្សាការពារសន្តិភាព សម្រាប់ប្រទេសកម្ពុជា មកទល់សព្វថ្ងៃ។
តាមរយៈ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសរសេរយ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរថ្ងៃប្រវត្តិសាស្រ្ត នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ។
នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ២០១៩នេះ ខ្ញុំ និងមន្រ្តីរាជការមកពីគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ កូនក្មួយ សិស្សានុសិស្ស បានដង្ហែរព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយភ្លើងជ័យនៅវិមានឯករាជ្យ នៅក្នុងថ្ងៃប្រវត្តិសាស្រ្តនៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៩) ស្របជាមួយនឹងខួបលើកទី៦៦ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ។
ថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសកម្ពុជាទាំងមូល ព្រោះជាថ្ងៃប្រវត្តិសាស្រ្តដែលកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមបំផុត របស់ព្រះបរមរតនៈកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រកម្ពុជា។
ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរ មានតែអំណរសាទរ និងក្តីសប្បាយរីករាយចំពោះមោទនៈភាពជាតិ ដែលមិនត្រូវឲ្យមានអ្វីមករំខានដល់សេចក្តីសុខ និងសន្តិភាពរបស់កម្ពុជា តទៅទៀតឡើយ។ ខ្ញុំសូមអរគុណដល់បងប្អូន រួមជាតិដែលបានចូលរួមថែរក្សាការពារសន្តិភាព សម្រាប់ប្រទេសយើងមកទល់សព្វថ្ងៃ។
ដើម្បីអបអរសាទរនៅក្នុងខួប៦៦ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិលើកទី៦៦ និងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទ ខ្ញុំសូមអញ្ជើញបងប្អូនទាំងក្នុង និងក្រៅប្រទេសទទួលទានអំបុក ដែលជានំចំណីអត្តសញ្ណាណជាតិខ្មែរយើង នៅក្រោមពាក្យស្លោក អំបុកខ្មែរ ថែ ជាតិ សាសនា និងព្រះមហាក្សត្រ»៕