(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលកូរ៉េ បានរៀបចំបិទសិក្ខាសាលាស្ដីពី «ភាពជាដៃគូផ្តល់ចំណេះដឹង (BOK-KPP)» និងចូលរួមផ្សព្វផ្សាយពី លទ្ធផលនៃការស្រាវជ្រាវ លើប្រធានបទស្ដីពី ការអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារនៅកម្ពុជា។
សិក្ខាសាលាបិទបញ្ចប់ និងផ្សព្វផ្សាយពី ការស្រាវជ្រាវក្រោមប្រធានបទស្ដីពី ការអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារនៅកម្ពុជានេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
លោកស្រី នាវ ច័ន្ទថាណា បានថ្លែងឲ្យដឹងថា ថ្ងៃនេះជាការបិទសិក្ខាសាលាស្តីពី «ភាពជាដៃគូផ្ដល់ចំណេះដឹង» និងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និងជាពិសេសធនាគារកណ្ដាលកូរ៉េដែលបន្តគាំទ្រ ដល់ធនាគារជាតិនៃកម្ពុជា។
លោកស្រីបន្ដថា កម្មវិធីស្ដីពីការអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារនៅកម្ពុជា ជាជំហានសំខាន់ ដើម្បីអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា ដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ តាមរយៈបណ្តាញបញ្ជូនអត្រាការប្រាក់។
លោក Kee Sun Jang អគ្គនាយករងធនាគារកណ្តាលកូរ៉េឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានចូលរួមក្នុងកម្មវិធី KPP ចាប់តាំងពីឆ្នាំ២០១៦មកម្លេះ។ កម្មវិធីនេះបានផ្ដល់ចំណេះដឹង និងបទពិសោធន៍ទាក់ទងទៅនឹងមុខងារ របស់ធនាគារកណ្តាល ក៏ដូចជាការអភិវឌ្ឍអេកូឡូស៊ី និងហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េ។
លោកបន្តថា ឆ្នាំនេះអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជាតិសេអ៊ូល និងធនាគារជាតិនៃកម្ពុជា បានសិក្សាយ៉ាងស៊ីជម្រៅលើប្រធានបទស្ដីពី ការអភិវឌ្ឍទីផ្សារអន្ដរធនាគារនៅកម្ពុជា និងរៀបចំឡើងក្នុងគោលបំណង ផ្តល់អនុសាសន៍មួយចំនួនដែលអាចជួយ NBC មានការអភិវឌ្ឍ ទីផ្សារអន្តរធនាគារ ទាក់ទងនឹងឧបករណ៍ហិរញ្ញវត្ថុហេដ្ឋារចនាសម្ព័ន្ធ និងវេទិកា៕