(ពោធិ៍សាត់)៖ ស្ថានភាពច្រកទ្វារព្រំដែនថ្មដា ស្ថិតក្នុងខេត្តពោធិ៍សាត់ ជាប់ព្រំដែនប្រទេសថៃ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានសភាពស្ងប់ស្ងាត់ល្អ ប្រជាពលរដ្ឋធ្វើដំណើរចេញចូលធម្មតា គ្មានការប្រមូលផ្ដុំកម្លាំងមហាជនណាមួយ តាមការអំពាវនាវរបស់ឧក្រិដ្ឋជន សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារនោះឡើយ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងទៀតថា បើទោះបីស្ថានភាពព្រំដែនស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធទាំងអស់ នៅតែបន្ដប្រចាំការយាមកាមដដែល ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សម្ដៅទប់ស្កាត់ និងបង្ក្រាបរាល់បាតុភាពផ្សេងៗដែលអាចកើតមានឡើង។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីនេះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។
លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕