(ភ្នំពេញ)៖ នៅប៉ុន្មាននាទីមុននេះនាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចបានសម្រេចឃាត់ខ្លួន យុវជនម្នាក់នៅចំណុចព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ។
នៅខណៈពេលនេះ សមត្ថកិច្ចកំពុងសួរចម្លើយទៅលើជនសង្ស័យម្នាក់នោះនៅនឹងកន្លែង បន្ទាប់ពីរូបគេបានទៅកាន់ចំណុចព្រំដែន ហើយនិយាយគាំទ្រដល់សកម្មភាពរដ្ឋប្រហាររបស់លោក សម រង្ស៉ី និងបក្ខពួក។
ដោយឡែកចំណុចព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងប្រមាណ១១ព្រឹកនេះ មានសភាពការណ៍ធម្មតា ដោយមិនមានបាតុភាពណាមួយ ឬការប្រមូលផ្តុំកម្លាំងមហាជនខុសពីប្រក្រតីទេ។ នេះបើតាមភ្នាក់ងារ Fresh News ដែលប្រចាំការនៅតំបន់នោះ។
ប្រជាពលរដ្ឋ និងរថយន្តទេសចរណ៍ចេញចូលជាធម្មតា។ ទោះជាយ៉ាងនេះក្តីកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ នៅតែបន្តប្រចាំការនៅតំបន់នេះ ក៏ដូចជាព្រំដែនកម្ពុជា-ថៃ ផ្សេងៗទៀត ដើម្បីការពារចំពោះការប្រមូលផ្តុំបង្កការអុកឡុក បំផ្លិចបំផ្លាញដល់កម្មវិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាសន្តិភាពប្រទេសកម្ពុជា។ ចំណែកកម្លាំងសមត្ថកិច្ចថៃនៅតែបន្តសហការល្អជាមួយសមត្ថកិច្ចកម្ពុជា នៅចំណុចច្រកព្រំដែន។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពាក់ព័ន្ធនឹងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ក៏បានត្រូវបានដាក់ពង្រាយនៅតាមព្រំដែនកម្ពុជា-ថៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដើម្បីទប់ទល់នឹងក្រុមឧទ្ទាម ដែលមានបំណងអាក្រក់ចង់បំផ្លាញសន្តិភាព និងបុណ្យឯករាជ្យជាតិ។
លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។
លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់ នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕