(ភ្នំពេញ)៖ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល ព្រះអនុប្រធានទី៣ ថេរសភា ព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តលង្កា ព្រះកុសុមារាម នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំព្រះសង្ឃ តាជី យាយជី និងយុវជន គណៈកម្មាធិការអាចារ្យវត្តជាង ៣០០អង្គ/នាក់ ឆាន់ និងពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅក្នុងវត្តលង្កា រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះដែរ សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល បានសង្ឃដីកាឱ្យដឹងថា ការរៀបចំពិធីអកអំបុកថ្ងៃនេះ គឺដើម្បីអបអរសាទរ ដល់បុណ្យឯករាជ្យជាតិ ក៏ដូចជា បង្ហាញអំពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ក្នុងការទទួលទានអំបុក ដើម្បីការពារសន្តិភាព ការពារជាតិ សាសនា ព្រះមហាក្សត្រ។
សម្តេចព្រះមហាអរិយវង្ស សៅរ៍ ច័ន្ទថុល្ល បានមានសង្ឃដីការអំពាវនាវឱ្យដល់ព្រះសង្ឃ លោកតា លោកយាយ និងយុវជនដែលជានិស្សិត កំពុងស្នាក់នៅក្នុង វត្តលង្កាទាំងអស់ រួមគ្នាថែរក្សាសន្តិភាព និងការអភិវឌ្ឍ ដែលកម្ពុជាទទួលបាននាពេលនេះ ជាពិសេសសូមកុំចូលរួមជាមួយក្រុមណាមួយ ដែលបង្កអសន្តិសុខ បំផ្លិចបំផ្លាញសន្តិភាព ដែលកំពុងមានផងដែរ។
នៅក្នុងពិធីឆាន់ និងពិសារអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រនេះ ក៏បានសូត្រមន្ត ដើម្បីឧទ្ទិសដល់វត្ថុស័កសិទ្ធ ក្នុងលោកជួយបី បាច់ថែរក្សា ថ្នាក់នាំរាជរដ្ឋាភិបាល មន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យជួបតែសេចក្ដីសុខ គ្រប់ប្រការ ក្រោមដំបូលសន្ដិភាព ដែលកើតមាននាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ ការរៀបចំពិធី ឆាន់ និងពិសាអំបុក គឺស្របពេលដែលកម្ពុជា កំពុងអបអរសារទរ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើ កងយោធពលខេមរភូមិន្ទ ខួបលើកទី៦៦ ១៩៥៣-២០១៩ ដើម្បីរំលឹកអំពីស្នាព្រះហស្ត និងគុណូបក្ការៈ របស់អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងអតីយុទ្ធជន ដែលបានដឹកនាំកម្លាំងចលានាតស៊ូពលីជីវិត ដើម្បីជាតិមាតុភូមិ រហូតដណ្តើមបាននូវឯករាជ្យភាពជាតិ ពេញបរិបូរណ៍ ពីអាណានិគមនិយម មានក្រុមប្រឆាំង និងរាជរដ្ឋាភិបាល បានកំណត់យកថ្ងៃ៩ វិច្ឆិកា រៀបចំសកម្មភាពញុះញង់ ការធ្វើវិទ្ធង្សនា និងវិច្ឆេទកម្មក្នុងវិស័យសង្គមកិច្ច និងសេដ្ឋកិច្ច ក្នុងបំណងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ មិនអាចអត់ឱនឱ្យបាន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចលនា ទទួលទានអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក សម រង្ស៉ី ឱ្យប្រជាពលរដ្ឋបះបោរផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕