(ព្រះវិហារ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តព្រះវិហារ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ស្ថានភាពនៅច្រកព្រំដែនអានសេះ មានសភាពស្ងប់ស្ងាត់ដូចធម្មតា ប្រជាពលរដ្ឋអាចធ្វើដំណើរចេញចូលដូចសព្វមួយដង គ្មានការប្រមូលផ្ដុំកម្លាំងមហាជនណាមួយនោះទេ។
បើតាមសេចក្ដីការណ៍ បើទោះបីស្ថានភាពព្រំដែនស្ងប់ស្ងាត់ក៏ពិតមែន ប៉ុន្ដែកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅតែប្រុងជើងការជានិច្ច ដើម្បីប្រចាំការការពារ សម្ដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីនេះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។
លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕