(បាត់ដំបង)៖ ច្រកទ្វារអន្ដរជាតិគីឡូ១៣ (ច្រកទ្វារភ្នំដី) ស្ថិតក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានសភាពស្ងប់ស្ងាត់ដូចធម្មតា ការធ្វើដំណើរទៅវិញទៅមករបស់ ប្រជាពលរដ្ឋមានភាពប្រក្រតី មិនមានការប្រមូលផ្ដុំកម្លាំងមហាជនណាមួយកើតឡើងនោះទេ។
លោក ងិន លីណាហ្សាណូ នាយនគរបាលប៉ុស្តិ៍ទ្វារអន្តរជាតិភ្នំដី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានអញ្ជើញចូលរួមពិសាអំបុកខ្មែរ ការពារជាតិ សាសនា ព្រះមហាក្សត្រ។ ដោយឡែក ចាប់ពីម៉ោង៦ព្រឹក រហូតមកដល់ម៉ោងនេះ សភាពការណ៍ប៉ុស្តិ៍ពុំមានអ្វីគួរឲ្យកត់សំគាល់ឡើយ»។
បើតាមមេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិរូបនេះ បានបញ្ជាក់ទៀតថា ក្រោមបញ្ជារបស់ថ្នាក់លើ គឺកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមមាន៖ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងទាហានជាច្រើននាក់ បានយាមកាមនៅទីនេះ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈដំណើរមាតុភូមិនិវត្តន៍របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយធ្វើចលនាចេញពីទឹកដីថៃ ទម្លុះព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ករណីនេះនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអ៊ូចា បានប្រកាសហើយថា រដ្ឋាភិបាលថៃ នឹងមិនអនុញ្ញាតឲ្យក្រុមរបស់ លោក សម រង្ស៉ី ប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់នោះឡើយ។
លោក សម រង្ស៉ី ខ្លួនឯង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏បានប្រកាសពន្យារពេលដោយមិនកំណត់នូវដំណើរមាតុភូមិនិវត្តរបស់លោក បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឱ្យលោកឡើងយន្តហោះ ដោយសារតែគ្មានឈ្មោះក្នុងបញ្ជីអ្នកដំណើរ៕