(ភ្នំពេញ)៖ ពិតជាអស្ចារ្យ! ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាយកឈ្នះគូប្រជែងក្រុម U19 ដំរីថៃ ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។
នេះជាជ័យជម្នះលើកទី២ ក្នុងចំណោម ៣ប្រកួតរបស់កម្ពុជានៃវគ្គសន្សំពិន្ទុប្រចាំពូល G បន្ទាប់ពីបំបាក់ក្រុម U19 កោះម៉ារីណាខាងជើង ៩-០ និងចាញ់ក្រុម U19 ម៉ាឡេស៊ី ៤-៥ នៅថ្ងៃទី០២ ខែវិច្ឆិកាដែលជាថ្ងៃប្រកួតបើកឆាក។
កីឡាករពាក់លេខ២៣ មិត សាម៉ើយ ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទីទី១៦ មុនពេលប្រធានក្រុមពាក់លេខ៩ សៀង ចន្ធា ធ្វើបានសម្រេចគ្រាប់នាំមុខ ២-០ នៅនាទីទី២៦ មុនពេលរបូត ១គ្រាប់វិញក្នុងវគ្គទី២ នៅនាទីទី៨០ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៤០០០នាក់។
នេះក៏ជាជ័យជម្នះលើកទី២ ផងដែរក្នុងឆ្នាំ២០១៩ ដែលកម្ពុជាបានយកឈ្នះក្រុមថៃ គិតចាប់តាំងពី U18 កម្ពុជាបានយកឈ្នះ ៤-៣ នៅប្រទេសវៀតណាមកាលខែសីហាកន្លងទៅក្នុងពាន AFF U18 Championship 2019 ដែលធ្វើឲ្យកម្ពុជាបន្តឈរនៅលេខរៀងទី៣ ក្នុងពូល G បណ្តោះអាសន្ន ដោយថៃឈរនៅលេខ២ និងម៉ាឡេស៊ី ឈរនៅលេខ១ មាន ៩ពិន្ទុ ក្រោយបំបាក់កោះម៉ារីណា ១០-០ នៅថ្ងៃសុក្រនេះដែរ។
១ប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវប៉ះក្រុមដែលកំពុងឈរនៅលេខ៤ ក្នុងពូលប្រ៊ុយណេ នាថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រាដែលថៃត្រូវប៉ះក្រុមខ្លាំងម៉ាឡេស៊ី រសៀលម៉ោង ១៥៖៣០នាទីថ្ងៃនោះដែរ៕