(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករអុំទូកប្រមាណ ៣៥០នាក់ ដែលចំណុះឲ្យទូកងចំនួន ៦ នៅក្នុងបរិវេណវត្តចាក់អង្រែលើ រាជធានីភ្នំពេញ។
ឈ្មោះទូកទាំង៥ ក្រោមការជួយឧបត្ថម្ភទំនុកបម្រុងពីក្រសួងការងារ រួមមាន៖
១៖ សំហេងសែនជ័យបារមីចាក់អង្រែលើ
២៖ បាសាក់សំហេងសែនជ័យ
៣៖ សំហេងសែនជ័យបារមីទួលទំពួង
៤៖ សំហេងមហាសែនតេជៈ
៥៖ សំហេងសែនតេជៈបារមីសារាវ័នតេជោ
៦៖ ទូកខ្នាតអន្តរជាតិចំនួន១ ជាទូកមានស្រាប់នៅវត្តចាក់អង្រែក្រោម ដែលត្រូវចូលរួមប្រកួតប្រជែងជាមួយទូកខ្នាតអន្តរជាតិដូចគ្នាផងដែរ។
លោករដ្ឋមន្ត្រីជឿជាក់ថា ទូកចំនួន៦ទូកខាងលើនេះ នឹងអាចដណ្តើមយកជ័យជម្នះបានច្រើនលើសលុប ក្នុងការប្រណាំងនាថ្ងៃខាងមុខនេះជាក់ជាមិនខានឡើយ។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានផ្តល់ជូនកីឡាករ កីឡាការិនីទូកងនូវថវិកាចំនួន ៨០០,០០០រៀល ក្នុង១ទូក (សម្រាប់ទូកងទាំង៤គ្រឿង) ថវិកាចំនួន ៣០០,០០០រៀល ក្នុង១ទូក (សម្រាប់ទូកងខ្នាតអន្តរជាតិទាំង២គ្រឿង) និងអាវចំនួន ២០០ ក្នុង១ទូក។
លោក អ៉ិត សំហេង បានផ្តាំផ្ញើដល់កីឡាករទាំងអស់ត្រូវតែរក្សាវិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទទួលទានស្អាត មានអនាម័យ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានឲ្យបានល្អផងដែរ។
សូមជម្រាបថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ គឺធ្វើឡើងដើមី្បរំលឹក និងគោរពដល់វីរភាពរបស់បុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជីវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក កម្ចាត់ពួកសត្រូវឈ្លានពាន ការពារទឹកដី ។
ទន្ទឹមគ្នានេះដែរ គឺដើម្បីបង្ហាញពីសុខសន្តិភាពពេញលេញ ភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស លែងមានការភ័យខ្លាចក្នុងការធ្វើដំណើរ និងសុវត្ថិភាពទៀតឡើយ៕