(ភ្នំពេញ)៖ បើទោះជាមានឧបសគ្គយ៉ាងណា ក៏ក្រុមការងារប្រឆាំងការជួញដូមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និង រំលោភបំពានផ្លូវភេទ មិនបន្ធូរបន្ថយ ឬ រង់ចាំរហូតដល់មានធនធានច្រើនជាងនេះឡើយ គឺនឹងពុះពាគ្រប់យ៉ាងជាមួយដៃគូនានា និងធនធានដែលមាន ក្នុងគោលជំហរដ៏ច្បាស់លាស់ គឺការពារ សង្គ្រោះជនរងគ្រោះ និងនាំយកជនល្មើសទៅផ្តន្ទាទោស។
នេះគឺជាការលើកឡើងរបស់ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច តំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រចាំត្រីមាសទី៣ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា «ជាការពិតណាស់ ការងារប្រឆាំងការជួញដូមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និង រំលោភបំពានផ្លូវភេទ គឺជាកិច្ចការដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តខ្ពស់ វិធានការម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយ និង កិច្ចសហការព្រមៗគ្នាពីគ្រប់ភាពគីពាក់ព័ន្ធ»។
លោកបានបន្តថា បទបង្ហាញនានានៅក្នុងកិច្ចប្រជុំនេះ បានស្តែងឱ្យឃើញនូវកង្វះខាតមួយចំនួន ដូចជាធនធានមិនទាន់គ្រប់គ្រាន់ជាដើម ខណៈជនល្មើសតែងតែរិះរកវិធីប្រព្រឹត្តអំពើល្មើសថ្មីៗដែលសូម្បីតែច្បាប់ក៏រត់សឹងមិនទាន់ទង្វើល្មើសផង ។
ទោះយ៉ាងណា ដោយសារកិច្ចខិតខំប្រឹងប្រែង និង សហការរបស់ភាគីពាក់ព័ន្ធ គ្រាន់តែនៅក្នុងត្រីមាសទី៣នេះ អ្នកពាក់ព័ន្ធបានគាំពារជនរងគ្រោះ ដោយអំពើជួញដូមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និង រំលោភបំពានផ្លូវភេទ បានចំនួន១២០នាក់ ស្តារនីតិសម្បទាបាន ៨៦៩នាក់ ធ្វើមាតុភូមិនិវត្តន៍ និង ទទួលពីក្រៅប្រទេស ១៨០នាក់ និងធ្វើសមាហរណកម្មទៅគ្រួសារ និង សហគមន៍វិញ ២៤០នាក់។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា ការប្រឆាំងការជួញដូរមនុសុ្ស គឺជាកិច្ចការស្មុគស្មាញ ហើយត្រូវការធនធានច្រើន ចំណែកធនធានរបស់កម្ពុជា និង ដៃគូជាតិ អន្តរជាតិ នាពេលបច្ចុប្បន្ននេះ បើទោះជាប្រសើរជាងមុន ក៏មិនទាន់ឆ្លើយតបទៅនឹងតម្រូវការនៅឡើយដែរ ប៉ុន្តែកម្ពុជា មិនបន្ធូរបន្ថយរង់ចាំរហូតដល់មានធនធានគ្រប់គ្រាន់ទេ គឺនឹងពុះពាគ្រប់យ៉ាងប្រឆាំងការជួញដូរមនុស្សគ្រប់រូបភាព៕