(ភ្នំពេញ)៖ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា ខ្លួននឹងខិតខំជំរុញ និងណែនាំដល់វិនិយោគិន នៃសហភាពអឺរ៉ុប ឲ្យមកកធ្វើការវិនិយោគវិស័យអាទិភាពសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសដែល ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបលោកស្រី នៅទីស្តីការក្រសួងការបរទេស ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិកម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីជំនួបនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី Carmen Moreno បានសម្តែងសេចក្តីសប្បាយរីករាយ ដែលបានមកធ្វើការនៅក្នុងកម្ពុជា។ លោកស្រី បានថ្លែងថា ខ្លួននឹងធ្វើការយ៉ាងជិតស្និទ្ធបំផុត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យពង្រីកភាពជាដៃគូ រវាងកម្ពុជានិងសហភាពអឺរ៉ុប ហើយជំរុញអ្វីដែលមានស្រាប់ឲ្យបន្តទៅមុខទៀត។
លោកស្រីបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ម្សិលមិញ លោកស្រីបានចូលរួមស្តាប់ ការថ្លែងសុន្ទរកថាគន្លឹះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបើកផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ ដោយលោកស្រីមានការចាប់អារម្មណ៍ ដែលកម្ពុជាមានវិស័យអាទិភាពជាច្រើន ត្រូវអភិវឌ្ឍន៍បន្តទៀត ដែលសភាពអឺរ៉ុប នឹងពិនិត្យមើលដើម្បីធ្វើឲ្យស្របកម្មវិធីនានា ទៅតាមអ្វីដែលកម្ពុជានឹងធ្វើរយៈពេល ៥ឆ្នាំខាងមុខនេះ។
លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងកម្ពុជា គិតឆ្នាំ២០១៨ មានប្រមាណ ៧៥០០លានដុល្លារ។ រីឯវិស័យវិនិយោគ សហភាពអឺរ៉ុបចូលកម្ពុជាយើង នៅឆ្នាំ២០១៧ ប្រមាណ៥១លានដុល្លារ។ ក្នុងនោះលោកស្រី បានចាប់អារម្មណ៍លើវិស័យវិនិយោគសំខាន់ៗ ដែលលោកស្រីថា នឹងជំរុញឲ្យវិនិយោគិនអឺរ៉ុបបន្ថែមទៀត មកពិនិត្យលើវិស័យអាទិភាព ដោយស្របតាមគោលនយោបាយជាយុទ្ធសាស្ត្រ ដែលអភិវឌ្ឍន៍ប្រទេសកម្ពុជាយើង តាមគោលនយោបាយផែនការយុទ្ធសាស្ត្រ ឆ្នាំ២០១៩-២០២៣នេះ»។
ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរ ដែលលោកស្រីត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតអឺរ៉ុបថ្មី ប្រចាំនៅក្នុងប្រទេសកម្ពុជា។ លោកសង្ឈឹមថា បេសកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូត នឹងធ្វើឲ្យទំនាក់ទំនងសហភាពអឺរ៉ុប នឹងកម្ពុជា មានលក្ខណៈកាន់តែរឹងមាំថែមទៀត។
ជាមួយគ្នានេះ ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណដល់សភាពអឺរ៉ុប ដែលបានផ្តល់ជំនួយជាច្រើន ចាប់តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ ជំនួយទាំងនោះ បានធ្វើឲ្យមានការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ។ លោកថ្លែងថា កម្ពុជាតាមរយៈក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធ នឹងសហការការងារជាមួយលោកស្រី ដើម្បីឲ្យបេសកកម្មលោកស្រី ទទួលបានជោគជ័យ ព្រោះការជោគជ័យរបស់លោកស្រី គឺជាជោគជ័យរបស់កម្ពុជាផងដែរ។
លោក កុយ គួង បានអះអាងទៀតថា តាំងពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៥ អឺរ៉ុបផ្តល់ជំនួយឥតសំណង ដល់កម្ពុជាប្រមាណ ៧០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លើវិស័យជាច្រើន។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបនេះ បានស្រង់សម្តីលោកស្រីឯកអគ្គរដ្ឋទូតទៀតថា ខាងសហភាពអឺរ៉ុប មានផែនការជួយកម្ពុជាបន្ថែមទៀតផងដែរ៕